(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងរាជធានី ត្រូវចុះពិនិត្យទីតាំងហាងបញ្ចាំ២៤ម៉ោង លើ២៤ម៉ោងជាបន្ទាន់ភ្លាមៗ ព្រោះថា ការបើកបញ្ចាំ២៤ម៉ោងនេះ ជាអំពើខុសច្បាប់ ខណៈការបញ្ចាំនេះ អនុញ្ញាតឲ្យត្រឹមតែពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។

ការដាក់បទបញ្ជាថ្មីនេះ ធ្វើឡើងព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៧នេះ ក្នុងឱកាសលោកអភិបាលរាជធានីភ្នំពេញ នាំយក​អំណោយសម្តេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ចែកជូន​ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ប្រឡាយស្ទឹងមានជ័យ ជំហានទី១ ចំនួន១៦២​គ្រួសារ នៅវត្តស្ទឹងមានជ័យ សង្កាត់ ស្ទឹង​មានជ័យទី១ ខណ្ឌមានជ័យ។

​អភិបាលរាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះថា «បើកុងស៊ីបញ្ចាំណា​ដែលព្រងើយកន្តើយ មិនអនុវត្តរបស់អាជ្ញាធរកុងស៊ីបញ្ចាំបើកអាជីវកម្ម ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច តែបើក​២៤ម៉ោងលើ២៤ម៉ោង គឺខុសច្បាប់ហើយ​។ ដូច្នេះសូមអាជ្ញាធរតាមខណ្ឌ ចុះពិនិត្យជាបន្ទាន់​ បើរកឃើញថា ការទទួលបញ្ចាំមិនមានលិខិតស្នាមត្រឹមត្រូវទៀតនោះ នឹងចូលក្នុងបទល្មើសផ្សំគំនិត ទទួលផលចោរកម្ម ហើយយើងដាក់ទោសទណ្ឌអ្នកធ្វើ ដើម្បីឲ្យ​រៀងចាល ប្រទេសមានច្បាប់ ត្រូវអនុវត្តច្បាប់ទាំងអស់គ្នា»​។

​ជាការកត់សម្គាល់ មានទីតាំងហាងបញ្ចាំមួយចំនួន បានបើកទទួលបញ្ចាំ២៤ម៉ោងលើ២៤ម៉ោង ហើយទីតាំងបញ្ចាំខ្លះបានលួចលាក់ទទួលបញ្ចាំនូវទ្រព្យសម្បត្តិ ដែលជាបទល្មើស ជាហេតុនៅតែបង្កភាពអសន្តិសុខដល់សង្គម ទោះបីយ៉ាងណា សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញលោក ឃួង ស្រេង ធ្លាប់បានណែនាំរួចមកហើយ ​ឲ្យបណ្ដាខណ្ឌទាំង១២ ចំណុះឲ្យរាជធានីភ្នំពេញ ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យតាមហាងបញ្ចាំ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ហើយក្រោយពីត្រួតពិនិត្យ ក៏ត្រូវតាមដានជាប់ជាប្រចាំផងដែរថា តើទីតាំងបញ្ចាំទាំងនោះ បានចូលរួមប្រព្រឹត្តបទល្មើសដែរឬទេ ការចូលរួម គឺក្នុងរូបភាពទទួលយករបស់របរពីចោរ តាមរយៈការទទួលបញ្ចាំ​ដែលគ្មានឯកសារ។

សូមជម្រាបថា ហាង​បញ្ចាំ​ត្រូវ​បាន​មនុស្ស​ម្នា​ជា​ច្រើន​ស្គាល់​ថា គឺ​ជា​កន្លែង​សម្រាប់​ដាក់​របស់​ទ្រព្យ​មាន​តម្លៃ​ ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​សម្រាប់​យក​ទៅ​ប្រើការ​ចាំ​បាច់។
ទន្ទឹម​នឹង​មាន​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ស្រប​ច្បាប់​កើត​ឡើង​ជាច្រើន ហាង​បញ្ចាំ​ខុស​ច្បាប់​ក៏​កើត​ឡើង​​ព្រោង​ព្រាតផង​ដែរ ហើយមួយរយៈមកនេះតាមក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះត្រួតពិនិត្យ តែការត្រួតពិនិត្យនោះហាក់មិនមានផ្លែផ្កាល្អនៅឡើយទេ ដោយអាជ្ញាធរខណ្ឌមួយចំនួន បានចេញសកម្មភាពតែម្ដងហើយក៏ស្ងាត់ទៅវិញ ទើបពេលនេះអភិបាលរាជធាបីភ្នំពេញចាប់ផ្ដើមជម្រុញជាថ្មីទៀត៕