(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តយុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានប្រព្រឹត្តទៅនៅ៣ទីតាំង គឺតាមបណ្ដោយដងផ្លូវជាតិលេខ៦ នៅចំណុះ រង្វង់មូលព្រះរាជដំណាក់, កន្លែងភ្លើងស្តុបសាលារៀនគ្រួស និងនៅរង្វង់មូលនាគបាញ់ទឹក (ម្ដុំផ្សារចាស់) ក្រុងសៀមរាប ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្របពេលយុទ្ធនាការនេះបាន នឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានី/ខេត្ត ។
យុទ្ធនាការនេះ គឺដឹកនាំដោយលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប និងវត្តមានរបស់មន្ត្រីក្រោមឱវ៉ាត និងលោកវរៈសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមនិងមន្ត្រីនគរបាលចរាចរណ៍ និងការចូលរួមពីយុវជនកាកបាទក្រហមសាខាខេត្តសៀមរាប បានអញ្ជើញអនុវត្តយុទ្ធនាការពាក់មួកសុវត្ថិភាពនេះ និងបានបំពាក់មួកសុវត្ថិភាព ដល់អ្នកដែលបានទទួលការផាកវិន័យ ហើយបានឆ្លើយត្រូវនូវសំនួរដែលពាក់ព័ន្ធការបើកបរទោចក្រយានយន្ដ និងបានទទួលសៀវភៅ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក និងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួន ផងដែរ ។
លោកប្រធានមន្ទីរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការខេត្តសៀមរាប បានឲ្យដឹងថា៖ ដោយអនុវត្តតាមការណែនាំរបស់គណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើយុទ្ធនាការ លើការអនុវត្តរឹតបន្តឹងនិងត្រួតពិនិត្យ ចំពោះអ្នកបញ្ជារទោចក្រយានយន្តនៅតាមដងផ្លូវ លើការពាក់ពួកសុវត្ថិភាព។ លោកលើកឡើងថា ៖ អ្វីដែលគួរឲ្យកត់សម្គាល់នោះ យុទ្ធនាការនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យទៅលើអ្នកធ្វើចរាចរណ៍ដោយទោចក្រក្រយានយន្ត ដែលមិនបានប្រើប្រាស់មួកសុវត្ថិភាពនិងខ្វះខាតលក្ខណៈបច្ចេកទេស ដើម្បីនាំពួកគាត់មកធ្វើការផាកពិន័យ រួចបន្តទៅក្រុមមួយទៀតដើម្បីធ្វើការអប់រំណែនាំ អំពីការយល់ដឹងនូវការបើកបរលើមធ្យោបាយនៅតាមដងផ្លូវ ពិសេសផ្តល់ឪកាសដល់ពួកគាត់ ដើម្បីឆ្លើយនូវសំនួរដែលទាក់ទងទៅនិងច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានរៀបចំដោយក្រុមការងារប្រចាំគោលដៅនីមួយៗ និងឈានទៅទទួលបានមួកសុវត្ថិភាពដ៍រឹងមាំមួយ ផងដែរ។ លោកក៍បានឲ្យដឹងផងដែរថា៖ បច្ចុប្បន្ន អត្រានៃអ្នកគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកបើកបរម៉ូតូមានចំនួន ៧០% ដែលក្នុងនោះមានចំនួន ៦០% គឺសុទ្ធសឹងតែជាអ្នកមិនបានពាក់មួកសុវត្ថិភាព ។
លោកវរៈសេនីយឯក ជឹម សុវណ្ណ បានឲ្យដឹងថា ៖ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកចូលជាធរមាន និង ដាក់ឲ្យអនុវត្ត រហូតមកទល់ពេលនេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តនៅតែពិនិត្យឃើញថា នៅតែមានបងប្អូនយើងមួយចំនួននៅមិនទាន់បានអនុវត្តបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវ។លោកវរៈសេនីយឯក យឹម សុវណ្ណ បានសំណូមពរដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវទាំងអស់ ដែលប្រើប្រាស់ទោចក្រយានយន្ត ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ និងលក្ខណៈបច្ចេកទេសរបស់យានជំនិះ ដោយក្នុងនោះ ត្រូវតែពាក់ពួកសុវត្ថិភាពជានិច្ចនូវពេលបើកបរ ទោះក្នុងលក្ខណៈនៃការធ្វើដំណើទៅកាន់គោលដៅនីមួយទោះជិតឬឆ្ងាយនិងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីសុវត្ថិភាពរបស់បងប្អូន ។
គួរកត់សម្គាល់ផងដែរថា៖ មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ ចរាចរណ៍បានត្រឹមត្រូវនៅឡើយទេដូចជា៖ ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឱ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ ។ ហើយយុទ្ធនាការថ្ងៃនេះដែល ក្រុមការងារលេខាធិការដ្ឋានបានប្រើប្រាស់សម្ភារៈ ដូចខាងក្រោម៖ មួកសុវត្ថិភាព ១៥០មួក, សៀវភៅស្តីពីចរាចរណ៍ផ្លូវគោក ៣០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង ៩០០ក្បាល, សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ៣០០សន្លឹក, សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីខ្ញុំ ១៥០សន្លឹក, ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ ២៥សន្លឹក, ស្ទីកឃ័រចំណាំងផ្លាត ៣០០សន្លឹក ៕