(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ ស្ថាប័នមានសមត្ថកិច្ចនឹងចាប់ផ្ដើមពង្រឹងការត្រួតពិនិត្យការនាំចូល ការផលិត និងការចែកចាយថង់ប្លាស្ទិកស្ដើងមានដៃយួរ ដូចមានចែងក្នុងអនុក្រឹត្យស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក៏បានបង្ហាញនូវលក្ខខណ្ឌមួយចំនួនផងដែរក្នុងការនាំថង់ប្លាស្ទិកមានដៃយួរចូលមកក្នុងទីផ្សារប្រទេសកម្ពុជា។ ថង់ប្លាស្ទិកស្ដើងមានដៃយួរ ដែលអនុញ្ញាតឲ្យនាំចូល ផលិត ចែកចាយ និងប្រើប្រាស់ត្រូវមានកម្រាស់ចាប់ពី ០,០៣មីល្លីម៉ែត្រឡើងទៅ និងមានរង្វាស់ទទឹងផ្នែកបាតខាងក្រោម ចាប់ពី ២៥សង់ទីម៉ែត្រ​ ឬ១០អ៊ីងឡើង។

ចំពោះថង់ប្លាស្ទិកស្ដើងមានដៃយួរ ដែលមានកម្រាស់ និងទទឹងផ្នែកបាតមិនឆ្លើយតបនឹងការកំណត់នេះ ត្រូវបានហាមឃាត់ក្នុងការនាំចូល ផលិត ចែកចាយ និងប្រើប្រាស់។

បើតាមក្រសួងបរិស្ថាន ការនាំចូល និងការផលិតក្នុងស្រុកនូវថង់ប្លាស្ទិកស្ដើងមានដៃយួរដែលមានកម្រាស់ និងទំហំទទឹងបាតស្របតាមការកំណត់ ត្រូវមានការអនុញ្ញាតពីក្រសួងបរិស្ថាន លើកលែងតែការនាំចូលក្នុងបរិមាណតិចជាង ១០០គីឡូក្រាម។

សូមអានខ្លឹមសារលម្អិត របស់ក្រសួងបរិស្ថាន ដែលមាននៅខាងក្រោមនេះ៖