(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA កំពុងមានមហិច្ឆតា​ចង់បញ្ជូនយាន​មួយឲ្យទៅសិក្សា​ស្រាវជ្រាវ នៅភព​អេលៀន (នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ) ដើម្បីអបអរ​គម្រប់ខួប ១០០ឆ្នាំ នៃបេសកកម្ម Apollo 11 ដែលជាបេសកកម្ម​បញ្ជូនមនុស្សជាលើក​ដំបូង​បំផុត ឲ្យ​ទៅ​ជាន់ដី​ឋានព្រះច័ន្ទ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​វែបសាយ Futurism នៅព្រឹក​ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

អង្គការ NASA កំពុងស្ថិតក្នុង​ដំណាក់កាលដំបូង នៃការរៀបចំគម្រោង​ដំណើរផ្សងព្រេង​ ទៅកាន់ភពអេលៀន (ដែលអាចមាននៅ Alpha Centauri ឬប្រព័ន្ធផ្សេងទៀត) ដើម្បីសាទរ​គម្រប់​ខួប ១០០ឆ្នាំ នៃបេសកកម្ម Moon Landing លើកទីមួយ​របស់ខ្លួន គឺ Apollo 11 ដោយក្រុម​ការងារ​តូចមួយ មកពីមន្ទីរ​ពិសោធន៍ JPL របស់ NASA សង្ឃឹមថា នឹងអាចបញ្ជូន​យានអវកាសមួយគ្រឿង ឲ្យទៅសិក្សាស្រាវជ្រាវនៅភពដ៏សែន​ឆ្ងាយមួយ ដើម្បីស្វែងរក​​សញ្ញានៃជីវិត ក្រៅពីភពផែនដី ក៏ដូចជាប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។

កាលពីឆ្នាំ២០១៦ កញ្ចប់ថវិកាមួយ​ត្រូវបានអនុម័ត ដោយវាបានអំពាវនាវ​ឲ្យ​អង្គការ NASA ធ្វើការរិះរក​វិធីសាស្រ្ត សម្រាប់​ការធ្វើ​​ដំណើរ​ឆ្លងប្រព័ន្ធផ្កាយ ដែលអាច​ឈានដល់ល្បឿន​យ៉ាងតិច ១០ភាគរយ នៃល្បឿនពន្លឺ​នៅឆ្នាំ២០៦៩ ហើយវាក៏បានស្នើឲ្យមាន​បេសកកម្ម​ទៅកាន់​ប្រព័ន្ធផ្កាយ Alpha Centauri ដែលនៅជិត​យើងបំផុត​ផងដែរ។

ចំណុចសំខាន់៖ ក្នុងគម្រោងនេះ យានអវកាសមួយ​ត្រូវគ្រោងនឹងបញ្ជូន​ទៅកាន់ភព​អេលៀនមួយ ដែលត្រូវបានជ្រើសរើស ដើម្បីកំណត់ថាមាន​វត្តមាននៃជីវិត ក្នុងទម្រង់ណាមួយដែរ ឬយ៉ាងណា។ ប៉ុន្មានឆ្នាំ​កន្លងផុត​ទៅ ក្រោយ​ការបាញ់បង្ហោះរបស់វា NASA នឹងបញ្ជូន​តេឡេ​​ស្កូបអវកាសដ៏ធំមួយ ទៅក្នុងទីអវកាសដ៏សែនជ្រៅ ដើម្បីអាចឲ្យពួកយើង​ដែលស្ថិតនៅលើ ផែនដីអាចមើលឃើញ​ភពអេលៀន​នោះ ដោយពេញភ្នែកបាន។

បច្ចុប្បន្ន មានការជជែក​ដេញដោលគ្នាមួយចំនួន ពាក់ព័ន្ធបញ្ហាថា តើ Alpha Centauri ឬក៏ប្រព័ន្ធផ្កាយ​ផ្សេងទៀត នឹងត្រូវជ្រើស​រើសដែរ ឬក៏អត់ ខណៈបេក្ខភាពមួយ​ចំនួនទៀត ក៏កំពុងស្ថិត​ក្រោមការពិចារណា​ផងដែរ។ យ៉ាងណាមិញ មុនពេលដែល​បេសក​កម្មនេះ អាចលេចរូបរា​ងក្លាយជាការពិតបាន វានៅមានបញ្ហាប្រឈមជា​ច្រើនទៀត រួមមានការស្វែង​រកមធ្យោបាយ​អភិវឌ្ឍន៍យាន​ ដែលមាន​សមត្ថភាព​ អាចធ្វើដំណើរក្នុងល្បឿនមួយ​ភាគតូច នៃល្បឿនពន្លឺ​ជាដើម៕