(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ ធ្វើសន្និសីទកាសែតស្តីអំពី​ខួប១៩​ឆ្នាំ ថ្ងៃកំណើតទី៣ នៃទិវានយោបាយឈ្នះ-ឈ្នះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ណឹប សុវត្ថិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៅសាលប្រជុំក្រសួងការពារជាតិ។

ទន្ទឹមនឹងក្រសួងការពារជាតិ កំពុងតែរៀបចំសន្និសីទកាសែតនេះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលខ្មែរគ្រប់និន្នាការនយោបាយបាន «ឈ្នះទាំងអស់គ្នា»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺ​ជា​យុទ្ធសាស្ត្រ​នយោបាយដ៏​សំខាន់​មួយ​ដែល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​បង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បី​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ ឈ្នះ-ឈ្នះ បានដាក់ចេញយុទ្ធសាស្ត្រ​បី​ចំណុច​សំខាន់ៗក្នុងការធានាដល់សុវត្ថិភាពសម្រាប់កងទ័ពខ្មែរក្រហម៖ ១. ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។

នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈដែល អ៊ុនតាក់ចំណាយទឹកប្រាក់អស់ប្រមាណ ២០០០លានដុល្លារតែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត ៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជា ទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជាទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន។

តាមរយៈកិច្ចសម្ភាសន៍ជាមួយកងទ័ពខ្មែរក្រហមនាពេលកន្លងទៅពួកគេសុទ្ធបានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានយោបាយជួយឲ្យប្រទេសជាតិបញ្ចប់ភ្លើងសង្គ្រាមឆ្ពោះទៅរកការអភិវឌ្ឍ និងនាំឲ្យជីវិតរបស់ពួកគេបានកាន់តែប្រសើរផងដែរ៕