(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចម្រុះរួចរាល់ហើយ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃកម្ពុជា ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អ្នកច្បាប់មកពី ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងទំនាក់ ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ រាជរដ្ឋាភិបាលគ្រោងស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានចំនួន៣ចំណុច ដើម្បីឆ្លើយតបទៅនឹងស្ថានភាព នៃការអភិវឌ្ឍសង្គមកម្ពុជា និងការវិវឌ្ឍនៃស្ថានភាពនយោបាយរបស់ពិភពលោកផងដែរ។ នេះជាការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងនៅក្នុងសន្និបាតបូកសរុបការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងរៀបចំដែនដី។

សម្ដេចក្រឡាហោម បានថ្លែងបន្ដថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃកម្ពុជាចំនួន៣ចំណុចនេះ ដោយផ្តោតទៅលើទី១៖ សមាសភាពរាជរដ្ឋាភិបាល ឬការផ្តល់តួនាទីរដ្ឋលេខាធិការ នៅតាមក្រសួងស្ថាប័នរដ្ឋ, ទី២៖ ការគិតអគតិមកលើកម្ពុជា ឬប្រៀបប្រដូចកម្ពុជាទៅនឹងប្រទេសមួយចំនួនដែលកំពុងមានសង្រ្គាមហែក ហួរ និងទី៣៖ ការជ្រៀតជ្រែកគោលការណ៍ប្រឆំាង មកពីប្រទេសខាងក្រៅ។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ការធ្វើវិសោធន៍កម្មនេះពុំមែនសំដៅបង្កើន អំណាចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីឡើយ ប៉ុន្តែជាការកែទម្រង់លើរចនាសម្ព័ន្ធ នៃសមាសភាព រាជរដ្ឋាភិបាលចំនួនសមាសភាព រាជរដ្ឋាភិបាលដែលកន្លងមកធ្លាប់តែមានការរិះគន់ថា គណៈរដ្ឋមន្រ្តីមានចំនួនច្រើន។ សម្ដេចក្រឡាហោមបានលើកឡើងទៀតថា នេះគឺដើម្បីការពារផលប្រយោជន៍ជាតិជាធំ កុំឱ្យជនបរទេស ចូលមកជ្រៀតជ្រែតក្នុង កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។

លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​នៃ​ក្រុមការងារ​ដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះថា ការសិក្សាស្រាវជ្រាវ ដើម្បីពិនិត្យលទ្ធភាពធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ មិនមែន​សំដៅ​បង្កើន​អំណាច​របស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ តែ​គឺជា​ការធ្វើ​កំណែទម្រង់​មួយ ទៅលើ​រចនាសម្ព័ន្ធនៃសមាសភាព​រដ្ឋាភិបាល ដែលអាចចាត់ទុកជាផ្នែកមួយផងដែរនៃកំណែទម្រង់អភិបាលកិច្ច​នៅក្នុងអង្គនីតិប្រតិបត្តិ។ កំណែទម្រង់នេះ នឹងធ្វើឲ្យចំនួនសមាសភាពរាជរដ្ឋាភិបាលថយចំនួន ដែលកន្លងមក​ធ្លាប់តែ​មានការ​រិះគន់ថា គណៈរដ្ឋមន្ត្រីមានចំនួនច្រើន។

លោក កើត រិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ការសិក្សាស្រាវជ្រាវដើម្បីត្រៀមធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏គ្មានគោលបំណងអ្វី ក្រៅពីគិតគូរទៅការតម្កល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំនោះទេ៕