(ភ្នំពេញ)៖ ក្រុមចោរឆក់ដ៏សកម្ម ក្នុងរាជធានីភ្នំពេញចំនួន៤នាក់ ត្រូវបានបង្ក្រាបដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហើយក្រុមចោរឆក់នេះ បានបញ្ជូនដល់តុលាការហើយនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នេះដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីពួកគេបានឆក់កាបូបពីជនបរទេសបានសំរេច។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ជាវ វិបុល បានឲ្យដឹងថា ការបង្ក្រាបក្រុមចោរឆក់ទាំង៤នាក់នេះ បានការសហការពីកម្លាំងផ្នែកអនុវត្តដីកា និងកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ទើបប្រតិបត្តិការនេះបានជោគជ័យ។ លោកបន្តថា ទាំងនេះគឺជាការខិតខំអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ក៏ដូចជា នាយឧត្តមសេនីយ៍ អគ្គស្នងការរងទទួលកិច្ចការព្រហ្មទណ្ឌ ដែលបានប្តេជ្ញាប្រយុទ្ធ ប្រឆាំង រាល់អំពើល្មើសផ្សេងៗក្នុងសង្គម ដូចជា៖ អំពើរលួច ឆក់ ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនជាដើម។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី មានករណីក្រុមចោរ បានជិះម៉ូតូ ឆក់យកកាបូបពីជនបរទេស២នាក់ ឪពុក និងកូន ជនជាតិអាមេរិកកាំង បានកើតឡើងនៅចំណុចលើដងផ្លូវលេខ៣៦០ កៃងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រុមចោរឆក់មានគ្នា៤នាក់ បានប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿង ឆក់បានសំរេច ហើយព្យាគេចខ្លួន ប៉ុន្តែត្រូវក្រុមសមត្ថកិច្ចប្រដេញចាប់បានភ្លាមៗ។

ជនរងគ្រោះមានឈ្មោះ Helina Samuyo ភេទប្រុស ជនជាតិអាមេរិកកាំង។ ចំណែកក្រុមចោរឆក់ទាំង៤នាក់ ដែលសមត្ថកិច្ចក្របួចបានទី១-ឈ្មោះ សួន បូរ៉ា អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ត្រា ណេសូអ៊ីន អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ ឆាយ លូសៀន និងទី៤-ឈ្មោះ ពៅ សូរិយាវង្ស អាយុ១៧ឆ្នាំ។

បច្ចុប្បន្នសំណុំរឿងក្រុមចោរឆក់ទាំង៤នាក់នេះ កំពុងស្ថិតនៅដំណាក់កាល តំណាងអយ្យការសាសួរ មុនបញ្ជូនទៅចៅក្រមស៊ើបសួរ៕