(កង់បេរ៉ា)៖ រដ្ឋាភិបាល​អូស្ត្រាលី​បានចំណាយលុយ​ច្រើនជាង ៨ពាន់លានដុល្លារ​អាមេរិក ក្នុងការទិញ​បរិកា្ខយោធា និងអាវុធពី​សហរដ្ឋអាមេរិក​ អស់រយៈពេលបួនឆ្នាំមក​នេះ។ នេះបើតាម​របាយការណ៍​មួយ ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម​របាយការណ៍ ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍នេះ​ ដោយ​ការិយាល័យ​​សវនកម្ម​ជាតិ​អូស្ត្រាលី (​ANAO) រាប់ពី​ឆ្នាំ២០១២ និង២០១៣ រហូតដល់​ឆ្នាំ២០១៦ និង២០១៧ កងកម្លាំងការពារជាតិ​អូស្ត្រាលី (​ADF) បានចំណាយប្រាក់ ៨.០១​ពាន់លានដុល្លារ ដើម្បីទិញបរិក្ខាយោធា និងអាវុធពី​សហរដ្ឋអាមេរិក ហើយ​ពាក់កណ្ដាល នៃថវិកាទាំងនេះ​ ក៏ត្រូវបានចំណាយ​ផងដែរលើផ្នែក​ព័ត៌មានវិទ្យា ទូរគមនាគមន៍ ការផ្សព្វផ្សាយ វិស្វកម្ម និងកិច្ចសន្យា​ស្រាវជ្រាវនានា។

ប៉ុន្តែទាក់ទិននឹងរបាយការណ៍​នេះដែរ លោក អាន់ឌ្រូ ដាវីស (Andrew Davies) ជាអ្នក​ជំនាញ​ផ្នែក​យោធា មកពីវិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្រ្ដាលី បាននិយាយថា ចំនួនទឹក​ប្រាក់​នេះ​មិនមានអ្វីគួរ​ឱ្យភ្ញាក់ផ្អើល​ឡើយ។ «យើងបានទិញ​ប្រព័ន្ធជាច្រើន​ពីសហរដ្ឋអាមេរិក ជាពិសេស ពីព្រោះ​យើងកំពុងស្ថិតនៅក្នុងដំណាក់​កាល​ពាក់កណ្ដាល នៃការអភិវឌ្ឍ​កងកម្លាំង​ទ័ពអាកាស ហើយយើងក៏បាន​ទិញផងដែរនូវ អាវុធដែលអាចជួយយើង ក្នុងការធ្វើប្រតិបត្តិការ​យោធា​នៅស៊ីរី និងអ៊ីរ៉ាក់»។ នេះបើតាមការ​លើកឡើង​របស់ លោក Andrew Davies។

គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី​ធ្លាប់បានបញ្ជាក់ថា ខ្លួនមានបំណង​បង្កើតឧស្សហកម្ម​ការពារជាតិ​ផ្ទាល់ខ្លួនមួយ ប៉ុន្តែ​លោក Andrew Davies យល់ថា កងកម្លាំង​អូស្ត្រាលី​​នៅតែត្រូវពឹង​ផ្អែក​លើ​សហរដ្ឋអាមេរិក នៅពេលអនាគត​៕