(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៧នេះ ក្នុងមួយថ្ងៃៗគិតជាមធ្យម មានប្រជាពលរដ្ឋ ប្រមាណពី ២៥៥,០០០នាក់ ទៅ២៦០,០០០នាក់ ទទួលបានការងារពីវិស័យសំណង់។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

របាយការណ៍ខាងលើនេះ បានបង្ហាញនៅក្នុងសន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ Garden City Phnom Penh រាជធានីភ្នំពេញ។

របាយការណ៍របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា វិស័យសំណង់បានបង្កើនការងារជាច្រើន ជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០១៧នេះ គិតជាមធ្យមប្រមាណពី ២៥៥,០០០នាក់ ទៅ ២៦០,០០០ នាក់ ក្នុងមួយថ្ងៃ។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី ១២៥,០០០ នាក់ ទៅ១៣០,០០០នាក់ ក្នុងមួយថ្ងៃ។

របាយការណ៍​ បានបន្ដទៀតថា បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ចំនួនកម្មករគិតជាមធ្យមប្រមាណពី ១៨០,០០០នាក់ ទៅ ១៨៥,០០០ នាក់ក្នុងមួយថ្ងៃ សម្រាប់ទូទាំងប្រទេស។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី ១៣០,០០០នាក់ ទៅ ១៣៥,០០០ នាក់ក្នុងមួយថ្ងៃ គឺមានការកើនឡើងចំនួន ៤០,៥៤%។

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា តាមរយៈនៃការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧នេះ តម្លៃពលកម្មសម្រាប់កម្មករ គ្មានជំនាញក្នុង១ថ្ងៃ អាចទទួលបានពី ៣៥,០០០រៀល ដល់ ៤០,០០០រៀល កម្មករមានជំនាញ និងមេជាងក្នុង១ថ្ងៃ អាចទទួលបានពី៥០,០០០រៀល ដល់៧៥,០០០ រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែ អាចទទួល បានប្រាក់បៀវត្សពី ៤០០ ទៅ ២,៥០០ ដុល្លារផងដែរ៕