(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានថ្លែងអះអាងថា ការនាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) នៅឆ្នាំ២០១៨ ខាងមុខនេះ គឺគ្មានអ្វីព្រួយបារម្ភនោះទេ ព្រោះអ្នកបញ្ជាទិញនៅសហភាពអឺរ៉ុប បានបញ្ជាទិញ និងចុះកិច្ចសន្យារួចអស់ហើយ។

ការថ្លែងអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបែបនេះ ហាក់ដូចបានទះកំផ្លៀងទៅលើកូនស្រីលោក កឹម សុខា និងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅបរទេស។ ដោយសារតែកាលពីពេលថ្មីៗ អតីតមេបក្សប្រឆាំង និងកញ្ញា កឹម មនោវិទ្យា បានលើកយកនូវសេចក្តីសំណូមពររបស់រដ្ឋសភាអឺរ៉ុប ទៅកាន់គណៈកម្មការអឺរ៉ុប ដើម្បីពិនិត្យមើលការដាក់សម្ពោធ លើរាជរដ្ឋាភិបាលកម្ពុជា ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ខ្លួនលោក កឹម សុខា មេបក្សប្រឆាំង ពាក់ព័ន្ធទោសក្បត់ជាតិនោះ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងនៅក្នុងពិធីជាអធិបតីភាពបើកសន្និបាតបូកសុរបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង យ៉ាងដូច្នោះថា «រឿងការនាំចេញទៅ EU មិនជាអ្វីនោះទេ គឺគ្រាន់តែជាព័ត៌មាន ដើម្បីឲ្យថ្នាក់ដឹកនាំលោកវាយតម្លៃប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៨ គេ (EU) បានបញ្ជាទិញ រួចអស់ទៅហើយ ដូច្នោះគឺគ្មានការព្រួយបារម្ភនោះទេ...ក្នុងរឿងការនាំចេញនោះទេ»

សហភាពអឺរ៉ុបគឺទីផ្សារដ៏ធំ និងសំខាន់បំផុតសម្រាប់ទំនិញរបស់កម្ពុជា ដោយប្រទេសនេះ បានអនុគ្រោះពន្ធនាំចូលដល់កម្ពុជា។ ទំនិញដែលកម្ពុជានាំចេញទៅអឺរ៉ុបភាគច្រើន គឺផលិតវាយនភណ្ឌ អង្ករ និងស្ករស រួមទាំងផលិតកសិកម្មមួយចំនួនទៀត។

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញទំនិញ តាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលមានសហភាពអឺរ៉ុប និងអាមេរិកផងដែរនោះ មានទឹកប្រាក់ចំនួន ៩,៥៥៦,២៧១,០៦៦ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ៨,០១៧,៩៧៧,៣៨១ ដុល្លារអាមេរិក គឺកើនឡើងចំនួន១៩,២២%៕