(ភ្នំពេញ)៖ ម្ចាស់អាជីវកម្មផ្ទះជួលជិត ៥,០០០បន្ទប់ ក្នុងខណ្ឌដង្កោ បានប្តេជ្ញានៅចំពោះ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ ថា ​​មិនដំឡើងថ្លៃផ្ទះឈ្នួលផ្ទះសម្រាប់ឆ្នាំ២០១៨នោះឡើយ ក្នុងពេលដែលប្រាក់ខែគោលកម្មករត្រូវបានដំឡើងដល់ ១៧០ដុល្លារ ក្នុងមួយខែ ស្របតាមអនុសាសន៍អំពាវនាវរបស់សម្តេច​តេជោ ហ៊ុន សែន។

ការប្រកាសប្ដេជ្ញាចិត្តបែបនេះ ធ្វើឡើងនៅ​រសៀលថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកអភិបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំ ជាមួយម្ចាស់អាជីវកម្មផ្ទះជួល ក្នុងមូលដ្ឋានខណ្ឌដង្កោ សរុបចំនួន​៣៦៤ទីតាំង ស្មើនឹង៤,៧៥៧បន្ទប់​។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ នុត ពុធដារ៉ា ក៏បានធ្វើការដោះស្រាយ សំណើ និងសំណូមពរនានារបស់បងប្អូនជាម្ចាស់ផ្ទះជួលផងដែរ។

លោកអភិបាលខណ្ឌ​ បានធ្វើការណែនាំដល់អង្គប្រជុំដូចខាងក្រោម៖
*សូមឲ្យម្ចាស់ផ្ទះជួលទាំងអស់ស្នើ សុំអាជ្ញាប័ណ្ណអាជីវកម្មផ្ទះជួល នៅការិយាល័យច្រកចេញចូលតែមួយ
*យកចិត្តទុកដាក់លើការងារអនាម័យ បរិស្ថាន នៅទីតាំងបន្ទប់ជួល
*ស្នើសុំការសហការល្អជាមួយអាជ្ញាធរ ក្នុងការរាយការណ៍អំពីករណីសង្ស័យនានា និងថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកជួលផ្ទះឲ្យបានត្រឹមត្រូវ
*បន្តសហការណ៍ជាមួយប៉ុស្តិ៍នគរបាល សង្កាត់ និងអធិការដ្ឋាននគរបាលខណ្ឌ លើការងារសន្តិសុខ បទល្មើសលួចឆក់ប្លន់ និងបទល្មើសគ្រឿងញៀន ដែលអាចកើតមានឡើងនៅតាមទីតាំងអាជីវកម្មរបស់ខ្លួន៕