(សៀមរាប)៖ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ បានបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៧។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក សុខ លក្ខិណា ប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធទាំងអស់។

លោក សុខ លក្ខិណា បានបញ្ជាក់ពីគោលបំណងនៃការបើកសវនកម្មផ្ទៃក្នុងថា ដើម្បីត្រួតពិនិត្យឡើងវិញនូវអ្វីជាភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចល្អប្រសើរ នៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នអន្តរជាតិ ចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិអប្សរា នាដើមឆ្នាំ២០១៨ ខាងមុខនេះ។

លោកក៏បានបញ្ជាក់ដែរ នេះជាឆ្នាំទី១៤ហើយ ដែលអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានចាប់ដៃគូជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) អនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ឱ្យតាមស្តង់ដារអន្តរជាតិ ហើយក៏ជាឆ្នាំទី១ នៃការអនុវត្តស្តង់ដារថ្មី គឺ ISO14001-2015។

បច្ចុប្បន្នចំពោះការធ្វើសវនកម្មកាន់តែប្រកបដោយភាពល្អប្រសើរ ព្រោះចំនួនសវនករមានចំណេះ ជំនាញ និងសមត្ថភាពកាន់តែច្រើន ហើយសង្ឃឹមនឹងទទួលបានវិញ្ញាបនបត្រជាថ្មីម្តងទៀត។ រយៈពេល១៤ឆ្នាំមកនេះ ស្ថាប័នអាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនបត្រចំនួន ៤ដង រួចមកហើយ មានឆ្នាំ២០០៤ ឆ្នាំ២០០៦ ឆ្នាំ២០០៩ ឆ្នាំ២០១២ និងឆ្នាំ២០១៥។

លោក ស៊ុ ម៉ាប់ បានរំឭកពីគុណបំណាច់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានគាំទ្រ និងជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីភាពល្អប្រសើរទាំងក្នុងស្ថាប័ន និងរមណីយដ្ឋានអង្គរ។

លោកក៏បានលើកឡើងថា ប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណី សាសនា ស្ថាបត្យកម្ម វិស្វកម្ម រួមបញ្ចូលទាំងបរិស្ថានជុំវិញបេតិកភណ្ឌផង ទើបធ្វើឱ្យអង្គរទទួលបានតម្លៃ និងជាប់ជាគោលដៅទេសចរណ៍លេខ១ ដល់ទៅ៣ឆ្នាំជាប់គ្នា ហើយលទ្ធផលនេះ ក៏បានពីការយកចិត្តទុកដាក់ និងមានការធានាគុណភាពបរិស្ថានតាមស្តង់ដារអន្តរជាតិ ដែលតែងទទួលជោគជ័យពីការធ្វើសវកម្មកន្លងមក៕