(សៀមរាប)៖ ប្រាសាទតាព្រហ្ម ត្រូវបានភ្ញៀវទេសចរជាទូទៅស្គាល់ថា ជាប្រាសាទដែលមានព្រៃឈើធំៗ ព្រោះប្រាសាទនេះ ក្រៅមានពីមានប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ ក៏មានដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំជាច្រើន ដុះព័ទ្ធនៅលើតួប្រាសាទ គួរឱ្យចង់ទស្សនា និងផ្តិតរូបភាពទុកជាអនុស្សាវរីយ៍។

ភាពទាក់ទាញនៃប្រាសាទ និងដើមឈើ បានធ្វើឱ្យមានលំហូរភ្ញៀវទេសចរមកទស្សនាប្រចាំថ្ងៃ មិនតិចជាង៥,០០០នាក់ ដែលអាចបង្ករឱ្យមានហានីភ័យយ៉ាងខ្លាំងដល់ដើមឈើក្នុងប្រាសាទ តាមរយៈសកម្មភាពដើរជាន់ ឬឈរថតជាដើម។

ដើម្បីបញ្ជៀសបញ្ហាប្រឈមនេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមអ្នកជំនាញព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញការឥណ្ឌា ប្រចាំការក្នុងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានពិភាក្សារិះរកវិធានការណ៍ដោះស្រាយ ដើម្បីរក្សាជីវិតដើមឈើទាំងអស់នោះ ឱ្យបន្តរស់បានរាប់រយឆ្នាំទៀត។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ បានឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារនឹងរៀបចំក្រាលក្តារនៅលើដី និងលើឫសឈើផ្ទាល់ ដើម្បីកុំឱ្យភ្ញៀវទេសចរជាន់លើនាំឱ្យហាប់ដី ប៉ះពាល់ដល់ឫសនាំឱ្យក្រិន មានដំបៅ កើតជំងឺ អាចស្លាប់បាន។ ការក្រាលក្តារនោះដែរ គឺមានប្រហោងតូចៗ អនុគ្រោះដល់ការលូតលាស់ និងការដកដង្ហើមរបស់ឫសឈើបាន ហើយក៏ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរផងដែរ៕