(ភ្នំពេញ)៖ ថៅកែលក់សំបកកង់រថយន្តយីហោ «លឹម​ ប៉េងហ៊ុយ​» នៅខណ្ឌទួលគោក ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីរួមគ្នាជាមួយគ្រួសារបានវាយយ៉ាងខ្លាំង ទៅលើបុរសរងគ្រោះម្នាក់ រងរបួសធ្ងន់ ប៉ុន្តែរហូតមកដល់ពេលនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉េង តូនី សម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំ ក្រោមហេតុផលថា រង់ចាំការត្រួតពិនិត្យតាមផ្លូវតុលាការ។

​បើទោះចៅក្រមសម្រេចមិនឃុំខ្លូនក៏ដោយ ប៉ុន្តែថៅកែលក់សំបកកង់រថយន្តម្នាក់នេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ​។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះថា ការសម្រេចមិនឃុំខ្លួននេះ បន្ទាប់ពីជនត្រូវចោទ​ ឡាច​ សុផល​ ហៅ​ លឹម​ ប៉េងហ៊ុយ​ ដាក់ប្រាក់តម្កល់មួយចំនួន​ ខណៈជនរងគ្រោះពុំទាន់ទទួលបានសំណងរដ្ឋប្បវេណី​សូម្បីមួយរៀល។

មន្ត្រីតុលាការថ្លែងថា​ ជនសង្ស័យឈ្មោះ​ ឡាច​ សុផល​ ហៅ​ លឹម​ ប៉េងហ៊ុយ​ អាយុ៦៩ឆ្នាំ​ ត្រូវបានលោក​ សឿន​ មុនីរ័ត្ន​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ​។​

ចន្លោះពេលនេះ​ ក្រុមគ្រួសារជនរងគ្រោះ​ សង្ឃឹមថា​ តុលាការនឹងចាត់ការលើជនសង្ស័យតាមច្បាប់​ ដោយពុំត្រូវរងសម្ពាធ នៃការអន្តរាគមន៍ណាមួយឡើយ​ ពោលគឺគួរឃុំខ្លួនជនត្រូវចោទ​ ដោយសារចរិត នៃការប្រព្រឹត្តបទល្មើសនេះ​ គឺមានលក្ខណៈធ្ងន់ធ្ងន់​ មួយគ្រួសារព្រួតវាយជនរងគ្រោះ​ តែទីបំផុតជនសង្ស័យម្នាក់ប៉ុណ្ណោះ​ ត្រូវបានឃាត់ខ្លួនបញ្ជូនមកតុលាការ​។​ ប៉ុន្តែទីបំផុត​ជនត្រូវចោទ​ ឡាច​ សុផល​ ត្រូវលោកចៅក្រមស៊ើបសួរ​សម្រេចមិនឃុំខ្លួន។

នគរបាល​បញ្ជាក់ថា​ ជនសង្ស័យ ឡាច​ សុផល ហៅ ហ៊ុយ ជាអ្នកលក់សំបកកង់រថយន្ត​ ស្នាក់នៅផ្ទះលេខ១៩៦E0-E1ផ្លូវ១៨២ក្រុមទី២៤​ ភូមិ៦​សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក​។

តាមដំណើររឿង កាលពីល្ងាចថ្ងៃទី២០​ ខែធ្នូ​ ជនរងគ្រោះឈ្មោះ​ គឹម ប៊ុនឡុង ភេទប្រុស​ អាយុ២៧ឆ្នាំមុខរបរនិស្សិត​ បានឡើងលើផ្ទះរបស់ខ្លួនជាន់ទី១ ទៅមើលខ្សែភ្លើង ដែលជនសង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ បានតពីពេលថ្ងៃកាត់មុខផ្ទះរបស់ខ្លួន។​ ពេលនោះជនរងគ្រោះ បានយកទូរស័ព្ទដៃមកថតខែ្សភ្លើងដែលទើបនឹងតនោះ​ រួចចុះមកខាងក្រោមវិញតាមជណ្តើររួមគ្នា ដល់ពាក់កណ្តាលស្រាប់តែឈ្មោះ​ ឡាច ដារី ត្រូវជាកូនស្រីរបស់ជនសង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះ គឹម​ ប៊ុនឡុង រឿងតខ្សែភ្លើងកាត់មុខផ្ទះរបស់ដោយមិនបានសុំខ្លួន៕