(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បាន​ជួបប្រជុំជាមួយក្រុមហ៊ុនចិន ZHIJIANG CONSTRUCTION ពិភាក្សាលើគម្រោងកែលម្អ ប្រព័ន្ធបង្ហូរទឹកក្នុងក្រុងសៀមរាប នៅរដ្ឋបាលសាលាខេត្តសៀមរាប​។

លោក ឃឹម ប៊ុនសុង បានលើកឡើងពីកត្តាសំខាន់ផ្តោតទៅលើ​ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកង្វក់ ក្នុង​ក្រុង​ដើម្បីធ្វើការបញ្ជៀសនូវការលិចលុងក្នុងក្រុងទៀតផង និងបញ្ជាក់អំពីការកែលម្អស្ទឹងសៀមរាប និង​ការធ្វើប្រព័ន្ធប្រឡាយបង្ហូរទឹកកង្វក់ក្នុងក្រុង និង​ខាងកើតក្រុង។

តាមបញ្ជាក់របស់លោកប្រធានក្រុមហ៊ុនចិន ZHIJIANG CONSTRUCTION​ បានឲ្យដឹងថា ក្រុមហ៊ុន​របស់លោក បានចូលមកធ្វើអាជីវកម្មនៅកម្ពុជា មានរយៈពេល១០ឆ្នាំហើយ លើការងារសំណង់ ដោយលោកលើកឡើង ពីសក្តានុពលរបស់ក្រុងហានចូវ ដែលជាតំបន់ទេសចរណ៍ដ៏សម្បូរបែប​នៅប្រទេសចិន។ ក្នុងរយៈពេល១ឆ្នាំមកនេះ ក្រុមការងាររបស់ក្រុមហ៊ុន ចិន ZHIJIANG CONSTRUCTION បានចុះមកធ្វើការ​សិក្សាស្រាវជ្រាវ ក្នុងការរៀបចំគម្រោងកែលម្អ ប្រព័ន្ធបង្ហូរទឹកក្នុងក្រុងសៀមរាប​។

ក្នុងការបង្ហាញរបស់ក្រុមការ​ងារ ក៏បានគូសបញ្ជាក់ ដោយផ្តោតលើបញ្ហាកង្វះការថែទាំប្រព័ន្ធលូ ​និង​គ្មានស្មារតីចូលរួមពីប្រជាពលរដ្ឋ​ ដែល​ធ្វើឲ្យមានការកកស្ទះចរន្តទឹកហូរ នៅតាមប្រឡាយ នៅរដូវវស្សា​។ គម្រោងនេះក្នុងការកែលម្អ ប្រព័ន្ធលូទឹក ក្នុង​ក្រុង​ឲ្យស័ក្តសមជាក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ក្នុងការធានាកាត់បន្ថយជាអតិបរិមា នូវគ្រោះមហន្តរាយទឹកជំនន់ ក្នុងនោះក្រុមការងារ​សម្រេចបង្កើតការងារគម្រោង រយៈពេលខ្លីដល់ឆ្នាំ២០២០ និង​រយៈពេលវែង២០៣០ ដោយ​រយៈពេលខ្លីប្រើប្រាស់ថវិកា ១៧៥​,៣៧៦,៧០២ដុល្លារ និង​រយៈពេលវែងប្រើប្រាស់ថវិកា ២៣១,៧៣១,៧១៦ដុល្លារ​។

ក្នុងគម្រោងសាងសង់ប្រឡាយមេ​៧ខ្សែ ប្រវែង២៩គីឡូម៉ែត្រ និង​ប្រព័ន្ធលូ ប្រឡាយ ក្នុងក្រុងប្រវែង​៩៣គីឡូម៉ែត្រ​។ ក្នុងនោះក៏មានការសាងសង់ស្ថានីយ៍ចម្រោះ នៅផ្នែកខាងកើតក្រុង ដែលមាន​សមត្ថភាព១០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ និង​បណ្តាញលូមេប្រវែង​៥,៨០០ម៉ែត្រ ហើយគម្រោងនេះ​នឹងធ្វើ ឲ្យបរិស្ថាននៅអមប្រឡាយ ត្រូវបានធ្វើការកែលម្អ ព្រមទាំងលើកកម្ពស់ជីវភាព និង​សុខមាភាព​ប្រជាពលរដ្ឋ​ទៀតផង​។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរក៏បានផ្តោតសំខាន់ ក្នុងការរៀបចំបណ្តាញប្រព័ន្ធលូ​ និង​ប្រឡាយ ដោយ​សុំឲ្យធ្វើការដាក់លូជ្រុងនូវកណ្តាលទ្រូងផ្លូវ ក្នុងការបញ្ជៀសនូវផលប៉ះពាល់ប្រជាពលរដ្ឋ រួមទាំងធ្វើការស្តារឡើង​វិញ នូវប្រព័ន្ធលូដែលមានស្រាប់ ព្រមទាំងពីបញ្ហាការប៉ះពាល់គម្រោងទឹកស្អាត ដែលយកប្រភពទឹកពីបឹងទន្លេសាប​។

ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង ក៏បានលើកនូវគំនិតល្អៗមួយចំនួន ក្នុងការបម្រើ​ផលប្រយោជន៍សាធារណៈ សំខាន់ការកំណត់ទីតាំងឲ្យបានច្បាស់លាស់ កន្លែងសាងសង់ស្ថានីយ៍ចម្រោះ កុំឲ្យ​មានការប៉ះពាល់គម្រោងសាងសង់ស្ថានីយ៍ផលិតទឹកស្អាត​​។ បើតាមលោកអភិបាលខេត្ត ដើម្បីបញ្ជៀស ការលិចលុងទឹកក្នុងក្រុង គឺត្រូវធ្វើការបើកប្រព័ន្ធលូថ្មី និង​ស្តារឡើងវិញនូវប្រព័ន្ធលូចាស់ ដើម្បីក្នុងការរំដោះនូវ​ទឹកភ្លៀងពីការលិចលុងតាមដងផ្លូវ។ ម៉្យាងទៀតគម្រោងដែល ធ្វើទៅមានការប៉ះពាល់ដល់ប្រព័ន្ធទឹកស្អាត គួរត្រូវធ្វើការបញ្ជៀសកុំឲ្យមានបញ្ហាដល់សុខមាលភាព របស់ប្រជា​ពលរដ្ឋ​។

អភិបាលខេត្តសៀមរាប ក៏បានឯកភាពទាំងស្រុងទៅលើគម្រោង របស់ក្រុមហ៊ុនចិន ក្នុងកិច្ចអភិវឌ្ឍន៍ក្រុង​ប្រវត្តិសាស្ត្រសៀមរាប ព្រមទាំងបានថ្លែងអំណរគុណ ​ចំពោះរដ្ឋាភិបាលចិន ដែលបានជួយជួសជុលប្រាង្គប្រាសាទ និង​សាងសង់ព្រលានយន្តហោះ នៅខេត្តសៀមរាប​៕