(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានទទួលពាក្យបណ្តឹងតវ៉ាចំនួន៥១ បណ្តឹងហើយ ក្រោយពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ក្រុមប្រឹក្សាឃុំ/សង្កាត់ ប៉ុន្តែពាក្យបណ្តឹងទាំងនេះ ពុំមានពាក្យបណ្តឹងជំទាស់ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែធ្នូ នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា បណ្តឹងតវ៉ាទាំង៥១រួមមាន៖ បណ្តឹងតវ៉ាសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន១២បណ្តឹងក្នុងនោះ ខេត្តបន្ទាយមានជ័យ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង, ខេត្តកំពត១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង និងរាជធានីភ្នំពេញ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង, ខេត្តកំពង់ស្ពឺ៧បណ្ដឹង យល់ព្រមតាមពាក្យបណ្តឹង និងខេត្តឧត្តរមានជ័យ២បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។

ក្រៅពីនោះមានបណ្តឹងសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន៣៩បណ្តឹង រួមមាន៖ ខេត្តពោធិ៍សាត់ ចំនួន៣៨បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង និងខេត្តតាកែវចំនួន១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។

គ.ជ.ប បានបញ្ជាក់ថា ចំពោះនៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងក្រុមប្រឹក្សាធម្មនុញ្ញវិញ ពុំមានពាក្យបណ្តឹងនោះទេ៕