(ភ្នំពេញ)៖ ប៊ែលធី គ្រុប បានរៀបចំ​សន្និបាតបូក​សរុប​ការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០១៨ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និង​មានការចូលរួមពី​គណៈគ្រប់​​គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន​២,១៨៧នាក់ នៅមជ្ឈ​មណ្ឌលកោះពេជ្រ។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានលើកឡើងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ ២,.១៨៧នាក់​ មានសិស្ស-និស្សិតកំពុងសិក្សា ៣៧,៦៩៨នាក់ និងមាន​២១ទីតាំង ក្នុងនោះ​១៨ទីតាំង កំពុងដំណើរការ ០៣ទីតាំងកំពុងសាងសង់ និង០១ទីតាំងជាសាកលវិទ្យាល័យ។

លោកបានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ០៣ធំៗដូចជា៖ ទី១៖ ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៨ និងកំពុងសាងសង់អគារប៊ែលធីទី១៩ ទី២០ និងទី២១, ទី២៖ ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍ ៨,៤៥១នាក់ ក្នុងនោះ ប្រទេស​៧,៧១៥នាក់ និងក្រៅប្រទេស​៧៣៦នាក់ ព្រមទាំងមានរថយន្តទំនើបៗ ០៨គ្រឿងសម្រាប់ដឹកភ្ញៀវផងដែរ និងទី៣៖ សាលា​ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២២,០៥៥នាក់ ក្នុងនោះបានចែកចេញជា សិស្សចំណេះទូទៅ (ថ្នាក់ទី១២), សិស្សភាសាអង់គ្លេសកម្រិតទី១២, សិស្សវគ្គខ្លីកុំព្យូទ័រ, សិស្សប្រឡងតេស្តអន្តរជាតិ និងសិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៣ឆ្នាំចុងក្រោយនេះ។

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា១,៤៦៨នាក់ ក្នុងនោះ​ថ្នាក់គរុកោសល្យ​៣៦៤នាក់ ថ្នាក់បរិញ្ញាបត្រ​៩៩៥នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​១០៩នាក់។ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន​៥៦៩នាក់ ក្នុងនោះ សិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ៨៤នាក់ សិស្ស-និស្សិតបង់ថ្លៃ​២៣នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ៤៦៨នាក់។

បើតាមលោក លី ប៊ុនឆៃ សម្រាប់ទិសដៅការងារ​អនុវត្តឆ្នាំ២០១៨ ឆ្នាំ២០១៨នេះ ប៊ែលធីគ្រុប បានសម្រេច ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖ ពង្រឹងរចនាសម្ព័ន្ធគ្រប់ផ្នែក ដែលមានស្រាប់ឲ្យកាន់តែប្រសើរបន្ថែមទៀត, ពង្រឹងកម្មវិធីសិក្សាបន្ថែម ទាំងផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស, បន្តសាងសង់អគារសិក្សាប៊ែលធី ស្របតាមតម្រូវការរបស់សិស្ស, ផ្តល់ជូនប័ណ្ណធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជូនដល់សិស្សថ្នាក់ទី៩ ទី១០ ទី១១ និងទី១២​បន្ថែមទៀត, ផ្តល់ជូនប័ណ្ណធានារ៉ាប់រងជូនដល់បុគ្គលិកប៊ែលធីទាំងអស់ ដើម្បីទទួលបានការព្យាបាល និងការថែទាំសុខភាព, ពង្រឹងគុណភាពសិស្សថ្នាក់ទី១២ ឲ្យបានប្រឡងជាប់សិស្ស​ពូកែរាជធានី ទូទាំងប្រទេស និទ្ទេសA និង ជាប់សញ្ញាបត្របាក់ឌុបឲ្យបាន៨៥%-៩៥%ឡើងទៅ ក្នុងឆ្នាំសិក្សាថ្មីនេះ, ពង្រឹងកម្មវិធីសិក្សាជា ភាសាជាតិ ដោយបន្ថែមភាសាអង់គ្លេស និងកុំព្យូទ័ររយៈពេល១ឆ្នាំ, ពង្រឹងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត កម្រឹតអន្តរជាតិ ឲ្យកាន់តែល្អប្រសើរថែមទៀត, ជម្រុញការរៀបចំ សិក្ខាសាលា ដោយអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិ មកចែករំលែកបទពិសោធន៍ដល់និស្សិត, ពង្រឹងសេវាកម្មបញ្ជូនសិស្ស-និស្សិតទៅសិក្សានៅឯក្រៅប្រទេសឲ្យបានកាន់តែច្រើន, បើកវគ្គហ្វឹកហាត់ជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ, ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារតាមផ្នែកនីមួយៗ និងពង្រីកគោលដៅទេសចរណ៍ក្រៅប្រទេសសំខាន់ៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជន។

ក្នុងឱកាសនោះ ​លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់ នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានា របស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនៈក្រៃលែង។

លោក បានប្រគល់លិខិត តែងតាំងជូនដល់ ថ្នាក់ដឹក​នាំ នៃប៊ែលធីគ្រុប និងប្រគល់​ពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្ត ជូនដល់បុគ្គលិកបម្រើការងារ​១០ឆ្នាំ ចំនួន​៧២នាក់ នាពេលនោះផងដែរ​៕