(ស្វាយរៀង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះពិនិត្យមុខទំនិញនានាដែលដាក់លក់ នៅផ្សារវាលយន្ត ក្រុង-ខេត្តស្វាយរៀង ជាលទ្ធផលរកឃើញសារធាតុគីមីនៅក្នុងប្រហិត និងរកឃើញទឹកក្រូចដែលហួដឺឡេមួយចំនួនផងដែរ។

យុទ្ធនាការរបស់មន្រ្តីកាំកុងត្រូលខាងលើនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលត្រឡប់ពីទីផ្សារមកវិញ នូវផលិតផលទឹកដោះគោម្ស៉ៅ ដែលមានឈ្មោះ សេលីយ៉ា អេដេ (Celia ad ) ចំណុះ៣៥០ក្រាម, សេលីយ៉ាម៉ាម៉ា (Celia MAMA) ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកតូចៗ។

មន្ត្រីកាំកុងត្រូលដែលចុះទៅពិនិត្យមុខទំនិញ នៅផ្សារវាលយន្តនេះ បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនាពេលនេះ ជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ពិតជាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

មន្ត្រីដដែលបានបញ្ជាក់ថា ថ្មីៗនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអំពីទឹកដោះគោ ដែលផលិតនៅប្រទេសបារាំង ដែលធ្វើឲ្យប៉ះពាល់សុខភាពកុមារ និងទារកហើយតម្រូវ ឲ្យប្រមូលត្រឡប់មកវិញ ក្រោយពីការចុះពិនិត្យយ៉ាងយកចិត្តដាក់ពីមន្ត្រីកាំកុងត្រូល នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ពុំបានរកឃើញវត្តមានទឹកដោះគោ ដែលក្រសួងសុខាភិបាល ធ្វើការហាមឃាត់នោះទេ តែបែរកឃើញសារជាតិគីមី (បូរ៉ាក់) នៅក្នុងប្រហិតប៉ាតតេមានចំនួន១៥គីឡូក្រាម ផលិតនៅភ្នំពេញ ត្រូវដកហូតយកទៅកម្ទេច និងបានដកហូតទឹកក្រូចហួសការបរិច្ឆេទ កំណត់ប្រើប្រាស់ចំនួន២៨ដប យកទៅកម្ទេចចោលផងដែរ។

ជាលទ្ធផលបង្ហាញថា ក្រោយពីមន្ទីរជំនាញបានធ្វើកិច្ចការងារលើរឿងនេះ អាជីវករក៏បានយល់ព្រមបញ្ឈប់ដាក់លក់ទំនិញ ដែលហួសសុពលភាពប្រើប្រាស់ និងឈប់លក់ប្រភេទប្រហិត ដែលផ្ទុកនូវសារជាតិគីមី ព្រោះបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។ តែទោះជាយ៉ាងនេះក្តី ក៏ក្រុមការងារយើងនៅតែបន្ត តាមដាននិងចុះពិនិត្យទំនិញឲ្យបានញឹកញាប់បន្ថែមទៀត នៅតាមទីផ្សារនានានៅក្នុងខេត្តស្វាយរៀង៕