(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការ បង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់តូច ថ្នាំញៀនចំនួន៥១គ្រាប់ និងសម្ភារប្រើប្រាស់មួយចំនួន នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅ

ចំណុចមុខវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិតារាងបាល់​ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី​ បោន ​ប៊ិន ​មេបញ្ជាការអាវុធហត្ថខេត្ត បានថ្លែងប្រាប់ភ្នាក់សារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០១៧នេះ ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១៖ ឈ្មោះ អឿន មករា (ហៅគឹមណាវ៉ារ៉ា) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ទី២៖ ឈ្មោះ គៀត វួនសុផល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ទី៣៖ ឈ្មោះ ស៊ឹម សារ ភេទស្រី អាយុ២៥ឆ្នាំ
មុខរបរបម្រើការងារនៅហាងមួយកន្លែង បច្ចុប្បន្នរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ,​ និងទី៤៖ ឈ្មោះ ឃុន សាវ៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិវាលម្រេះ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

លោកមេបញ្ជាការ​បន្តថាវត្ថុតាងរួមមានទី១៖ គ្រឿងញៀនប្រភេទ​មេតំហ្វេតាមីន WY ចំនួន ៥១គ្រាប់, ទី២៖ គ្រឿងញៀនប្រភេទ​ មេតំហ្វេតាមីន ICE ចំនួន១៣កូនថង់តូច ស្មើនឹង១៨.៨៨ក្រាម, ទី៣៖ រថយន្តកាមេរីចង្កូតស្តាំ ស៊េរី១៩៩៥ ពណ៌ខ្មៅ​១គ្រឿង, ទី៤៖ ទូរស័ព្ទដៃ៣គ្រឿង, ទី៥៖ លិខិតឆ្លងដែនចំនួន១, ទី៦៖ ជញ្ជីងសម្រាប់ថ្លឹងចំនួន១, ទី៧៖ ថង់សម្រាប់វិចខ្ចប់មួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន។

ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង៤នាក់ខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូន រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕