(កំពង់ឆ្នាំង)៖ តាមរបាយការណ៍លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះថា ត្រីចាប់ផ្ដើមត្រូវ ស្ទើគ្រប់កន្លែងទូទាំងដែននេសាទ ក្នុងខេត្តកំពង់ឆ្នាំង។

បើតាមលោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល បើគិតត្រឹមម៉ោង១៤៖៣០នាទី នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ស្ថានភាពផលត្រី ត្រូវខ្លាំងទូទាំងខេត្តកំពង់ឆ្នាំង៖
មងបណ្តែត៖ មងបណ្តែត (ក្រឡា០,០២៥ម) និង(ក្រឡា០,០៦៥ម) ផលត្រីចាប់បានជាមធ្យម៖ ២៥គីឡូក្រាមក្នុង១ទូក (១ជើង) ទូក១ចេញចាប់ត្រី បានចំនួន៤ជើងក្នុង១ថ្ងៃ ដោយឡែក តម្លៃត្រីស្រស់១គីឡូ៦០០ទៅ៨០០រៀល ត្រីប្រភេទត្រីរៀលត្រីក្អែក ត្រីច្រកែង តម្លៃ ២៥០០រៀល ទៅ៣០០០រៀល ក្នុង១គីឡូក្រាម នៅក្នុងខេត្តកំពង់ឆ្នាំង មានទូកនេសាទរាយមង ប្រមាណ​​១៤០០ទូក។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបន្តថា ប្រជាពលរដ្ឋមកពីស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងមកពីបណ្ដាខេត្តផ្សេងដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តក្រចេះ ប្រមាណ៨០០គ្រួសារ កំពុងចុះមកធ្វើប្រហុក នៅតាមគោលដៅសំខាន់ៗផងដែរ៕