(កោះកុង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនគរបាលក្រុងខេមរភូមិន្ទ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប ករណីចែកចាយគ្រឿងញៀន ដោយចាប់មេក្លោង និងបក្ខពួកចំនួន៦នាក់ នៅក្នុងផ្ទះសំណាក់ចំនួន៣ ព្រមទាំងដកហូតថ្នាំញៀនចំនួន៤០កញ្ចប់ គ្រាប់យ៉ាម៉ា៧គ្រាប់ និងសម្ភារមួយចំនួនផងដែរ។

លោក មីន រស្មី ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មីសគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការបង្ក្រាបករណីនេះបានធ្វើឡើងក្រោមការ បញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ នៅយប់មិញ ស្ថិតនៅផ្ទះសំណាក់ព្រះចន្ទពេញវង្ស ផ្ទះសំណាក់ពយសៀន និងបន្តបង្ក្រាបមេក្លោងធំនៅផ្ទះសំណាក់សែនសុខ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកបានបន្តថា ជនសង្ស័យសរុបចំនួន៦នាក់ (ស្រី២នាក់)រួមមាន៖
ទី១៖ ឈ្មោះ ម៉ែន មិនា ហៅខ្លា អាយុ២៧ឆ្នាំ មុខរបកម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
ទី២៖ ឈ្មោះ មន សុវ៉ាត់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបមិនពិតប្រាកដ ទីលំនៅជួលបន្ទប់ផ្ទះសំណាក់ពយស៊ៀន ភូមិ២ស្មាច់មានជ័យ
ទី៣៖ ឈ្មោះ អឹង សុំ អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខផ្ទះសំណាក់ហាន់តាយ ទីលំនៅផ្ទះជួលភូមិ៣ ស្មាច់មានជ័យ
ទី៤៖ ឈ្មោះ ឡេង ស្រីនួន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបមិនពិតប្រាកដ ជួលបន្ទប់ផ្ទះសំណាក់ពយស៊ៀន
ទី៥៖ ឈ្មោះ ចាន់ ជន អាយុ៣៥ឆ្នាំ មុខរបមិនពិតប្រាកដ ទីលំនៅជួលបន្ទប់ផ្ទះសំណាក់កោះកុងសុខសាន្ត ស្ថិតនៅភូមិ២ ស្មាច់មានជ័យ
ទី៦៖ ឈ្មោះ ឃុំ រស្ម៉ី អាយុ២៤ឆ្នាំ មុខរបរកម្មករ ទីលំនៅជួលបន្ទប់ផ្ទះសំណាក់កោះកុងសុខសាន្ត។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតវត្ថុតាងសរុបថ្នាំញៀនប្រភេទ ICE ចំនួន៤០កញ្ចប់ យ៉ាម៉ាគ្រាប់ចំនួន៧គ្រាប់៤ និងសំភារៈស្បោងផ្លាសស្ទិចសំរាប់វិចខ្ចប់មួយចំនួន។ សម្រាប់ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕