(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ​ដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីព័ត៌មានរបស់ខ្លួន សម្រាប់ទូរស័ព្ទចល័ត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។​

លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានលើកឡើងថា កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័តរបស់ក្រសួងពាណិជ្ជកម្ម ជាគំនិតផ្តួចផ្តើម និ​ងជា ផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈ ដើម្បីជំរុញលំហូរព័ត៌មានរបស់ក្រសួងទៅដល់ដៃ​សាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

បើតាមលោករដ្ឋមន្ដ្រី ​កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័តរបស់ ក្រសួងពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការចែកចាយ ព័ត៌មានកាន់តែទូលំទូលាយ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុង ក្រសួងពាណិជ្ជកម្ម ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាន​នាពេលកន្លងមក ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់ក្រសួងពាណិជ្ជកម្ម ដូចជា​ការចរចារនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ការកសាងសមត្ថភាពស្ថាប័ន ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋាន គតិយុត្តិនៅ​ក្រោមវិស័យពាណិជ្ជកម្ម ការបំពេញកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជា ប្រធានសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ការរៀបចំ​ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ដើម្បីជំរុញផលិតផលខ្មែរ និងការធ្វើពិពិធកម្មទីផ្សារថ្មីៗ ដើម្បីធ្វើ​សមារហកម្មទំនិញកម្ពុជា ចូលទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោកជាដើម។ល។

​ព័ត៌មានស្តីអំពីសមិទ្ធផលការងារទាំងអស់នេះ មិនត្រឹមតែជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​កិច្ច ប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏ជា​ចំណេះ​ដឹង​យ៉ាង​ល្អ សម្រាប់និស្សិត បញ្ញាវន្ត អ្នកសារព័ត៌មាន សេដ្ឋវិទូ និង​អ្នក​សិក្សាស្រាវជ្រាវទូទៅផងដែរ ដើម្បី​យក​ធ្វើជាឯកសារយោង​សម្រាប់​ជំនួយ​ក្នុងការ​បំពេញ​ការងារ​របស់ខ្លួន​ប្រកបដោយប្រសិទ្ធភាព។ បន្ថែមគឺអាចដកស្រង់ ព័ត៌មាន និង​លិខិតបទដ្ឋាន គតិយុទ្ធនានា​ដែលតម្ដល់ក្នុង​គេហទំព័រ ព្រម​ទាំង​ធ្វើ​ Comment ឬ Like ជាមួយ​គណនី Facebook របស់​ក្រសួង​ពាណិជ្ជកម្ម ដោយ​មាន​ការ​ភ្ជាប់​ជាស្វ័យប្រវត្តិ ជាមួយកម្មវិធីព័ត៌មានទូរស័ព្ទចល័តនេះ​ជាស្រេច។

សូមជម្រាបថា ​កម្មវិធីព័ត៌មាន ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺអាចដំណើរការនៅលើ ប្រព័ន្ធប្រតិបត្តិការ Android ជាមុនសិន ដោយអាចស្វែងរកបាននៅក្នុង Play Store ដោយ​ប្រើ​​ពាក្យ «Ministry of Commerce Cambodia» ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ មន្ត្រីប​ច្ចេក​ទេស របស់ក្រសួងពាណិជ្ជកម្ម នឹងធ្វើការអភិវឌ្ឍន៍កម្មវិធីនេះបន្តទៀត ដើម្បីដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ IOS ថែមទៀត៕

http://image.freshnewsasia.com/2017/010/fn-2017-12-26-11-27-06-8.jp