(ព្រះសីហនុ)៖ ​ក្រុមអ្នកយកព័ត៌មានស្ថានីយ​ទូរទស្សន៍អប្សរា៤នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត នៅព្រឹកថ្ងៃ​ទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៧នេះ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​​១៩៩-២០០ ស្ថិត​នៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ រវាង​​រថយន្ត​០១គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​3A-5998​ ដឹកទំនិញ​ ​បាន​បុក​ជាមួយ​រថយន្ត​០១គ្រឿង​ម៉ាក​ NISSAN ​ពណ៌​ស ពាក់ស្លាកលេខ​ភ្នំពេញ​2X-6815 ជិះគ្នា​ចំនួន​​០៤នាក់ ​ស្រី​ម្នាក់​ (​ជា​ក្រុមអ្នកយកព័ត៌មានរបស់​​ទូរទស្សន៍​អប្សរា​)​ ដែល​មានទិសដៅពី​ផ្ទុយ​គ្នា​ បណ្ដាល​ឲ្យភាគីខាងរថយន្តរបស់ទូរទស្សន៍អប្សរា រងរបួសទាំង០៤នាក់​ ប៉ុន្តែស្ថានភាពរបួសមិនធ្ងន់ធ្ងរទេ និងក្រោយមក​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​លិគឹមឌី​វាលរេញ​។

សម្រាប់​​វត្ថុតាង​រថយន្តទាំង​០២គ្រឿង​ ត្រូវបាន​យក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់ ដើម្បីដោះស្រាយតាមច្បាប់៕