(ភ្នំពេញ)៖ ការសម្ដែងស្គីទឹកកក ដ៏ធំប្រចាំឆ្នាំ២០១៧ បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី២៣ និង២៤ ខែធ្នូ នេះ ។

សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា (Cambodia Ice Skating Federation) រួមសហការជាមួយមជ្ឈមណ្ឌលកម្សាន្តស្គីទឹកកកកម្ពុជា (Ice Park Cambodia) បានរៀបចំកម្មវិធីដ៏ធំប្រចាំឆ្នាំនេះ ដើម្បីអបអរថ្ងៃបុណ្យណូអែលដែល មានការសម្ដែងស្គីលើទឹកកកដ៏អស្ចារ្យ ដោយក្រុមកីឡាករ-ការនីជាសិស្សអាហាររូបករណ៍ស្គី ទឹកកករួមទាំងអស់៩០នាក់ បានចូលរួមបង្ហាញសមត្ថភាព និងទេព្យកោសល្យយ៉ាងប៉ិនប្រសប់ តាមជំនាញរបស់ខ្លួនជាមួយក្បាច់រាំដ៏រស់រវើកតាមចង្វាក់ភ្លេងអបអរថ្ងៃបុណ្យណូអែល នៅទី លានជិះស្គីទឹកកកដែលមានតែមួយគត់នៅកម្ពុជា ទីតាំងជាន់ទី៤ ផ្សារទំនើបអ៊ីអន។

ទិដ្ឋភាពនៅពេលនោះ សិស្សអាហារូបករណ៍ និងអាណាព្យាបាលទាំងអស់មានក្ដីរំភើប សប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលកម្សាន្ត និងអប់រំ (Kids City) មជ្ឈមណ្ឌលកម្សាន្តស្គីទឹកកកកម្ពុជា (Ice Park Cambodia) និងសហព័ន្ធកីឡាស្គី ទឹកកកកម្ពុជា (CISF) ដែលបានបណ្ដុះបណ្ដាលកីឡាស្គីទឹកកកនិងផ្ដល់ឱកាសដល់ពួកគេ បានចូលរួមបង្ហាញសមត្ថភាពនៅក្នុងកម្មវិធីនេះជូនដល់ភ្ញៀវជាតិនិងអន្តរជាតិបានទស្សនា។

ពួកគេពិតជាសប្បាយរីករាយ និងពេញចិត្តជាខ្លាំង ពីព្រោះមិនត្រឹមតែបានបង្ហាញសមត្ថភាព ក្នុងកម្មវិធីនេះទេ ប៉ុន្តែថែមទាំងបាន បង្កើនការហ្វឹកហាត់សម្ដែងកាន់តែល្អប្រសើរឡើងដើម្បី ធ្វើឱ្យវិស័យកីឡាស្គីទឹកកកកម្ពុជាមានការរីកចម្រើនទាំងគុណភាព បរិមាណ និងស្មារតីកីឡា ត្រៀមចាំបាច់សម្រាប់ការប្រកួតលើឆាកអន្តរជាតិនាពេលអនាគតផងដែរ៕