(កំពង់ធំ)៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនក្នុងការការពារ គ្រប់គ្រងនិងអភិរក្សព្រៃឈើ និងជីវៈចម្រុះនៅតំបន់ដែនជម្រកសត្វព្រៃ ព្រឡង់ឱ្យបានគង់វង្ស និងបន្តបង្ក្រាបក្រុមជនខិលខូចមួយចំនួនដែលបន្តប្រព្រឹត្តបទល្មើសព្រៃឈើ និងរុករានទន្រ្ទានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងទឹកដីខេត្តកំពង់ធំ។

ជាក់ស្តែងនៅចុងសបា្តហ៍កន្លងទៅនេះជនល្មើស៣នាក់ដែលមានឧបករណ៍ចាប់សត្វព្រៃជាប់ នឹងខ្លួនដែលមានបំណងប្រព្រឹត្តបទល្មើស និងមានចេតនាលួចចូលក្នុងទីស្នាក់ការឧទ្យានុរក្ស ក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្តាន់ក្នុងចេតនាទុច្ចរិតត្រូវបានចាប់ខ្លួន បន្ទាប់បានបាញ់កាំភ្លើងឡើងលើបីគ្រាប់ជាការគំរាមក្រុមជនល្មើសដែលព្យាយាមរត់គេចខ្លួន។

មន្ត្រីឧទ្យានុរក្សដែលដើរតួនាទីជានគរបាលយុត្តិធម៌ និងត្រូវបានច្បាប់អនុញ្ញាតឱ្យមានសិទ្ធិប្រើប្រាស់អាវុធដើម្បីការពារធនធានធម្មជាតិបានធ្វើកំណត់ហេតុ និងឱ្យក្រុម ជនល្មើសទាំងនេះកិច្ចសន្យាថា នឹងឈប់ប្រព្រឹត្តបទល្មើសសត្វព្រៃបន្តទៀត។ បន្ទាប់ពីបានធ្វើកិច្ចសន្យារួចហើយ ជនល្មើសទាំងនេះត្រូវបាន អនុញ្ញាតឱ្យវិលត្រឡប់មកផ្ទះវិញ។

ព័ត៌មានខ្លះបានឱ្យដឹងថា បទល្មើសមួយចំនួនដែលបានកើតឡើងនៅក្នុងតំបន់នេះទាំងបទល្មើសសត្វព្រៃ បទល្មើសព្រៃឈើ និងការរុករានកាន់កាប់ដៃព្រៃដោយខុសច្បាប់គឺដោយសារ តែមានការឃុបឃិតគ្នារវាងថ្នាក់ដឹកនាំស្រុក អធិការស្រុកសណ្តាន់ និងជនខិលខូចមួយចំនួន ទោះបីជាមានការទប់ស្កាត់បង្ក្រាបពីគណៈបញ្ជាការខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធយ៉ាងណាក៏ដោយ។

ព័ត៌មានដដែលបានឱ្យដឹងថា អធិការស្រុកសណ្តាន់ដែលគេដឹងថា មានប្រពន្ធកូនជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងការរុករានកាន់កាប់ដីព្រៃដោយខុសច្បាប់ តែងតែព្យាយាមក្នុង ការការពារជនល្មើស។ ចំពោះបញ្ហានេះ អ្នកតាមដានសង្គមបានថ្លែងថា ក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជាបានខិតខំការពារ គ្រប់គ្រង និងអភិរក្សធនធាន ធម្មជាតិ និងបានចេញលិខិតបទដ្ឋានជាច្រើនដើម្បីការពារឱ្យមានប្រសិទ្ធភាពនូវធនធានធម្មជាតិដែលកម្ពុជាមាន ប៉ុន្តែជនខិលខូចឆ្លៀតឱកាស មួយចំនួនបានព្យាយាមបំផ្លិចបំផ្លាញធនធានធម្មជាតិ។
អ្នកតាមដានសង្គមរូបនេះបានស្នើសុំឱ្យអភិបាលខេត្ត និងស្នងការខេត្តកំពង់ធំគួរចាត់វិធាន ការប្រឆាំងនឹងក្រុមមន្ត្រីខិលខូចមួយចំនួនដែលឃុបឃិតគ្នាប្រព្រឹត្តបទល្មើស និងបានអំពាវនាវឱ្យ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រៃអភិរក្ស ចូលរួមទប់ស្កាត់បទល្មើស និងសហការជាមួយមន្ត្រីជំនាញ សហគមន៍ដើម្បីបង្កើតមុខរបរថ្មី ចៀសវាងការប្រព្រឹត្តបទល្មើសព្រៃឈើ និងសត្វព្រៃ ដែលត្រូវប្រឈមមុខច្បាប់៕