(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានទទួលពាក្យបណ្តឹងតវ៉ាចំនួន៤២បណ្តឹងហើយ ក្រោយពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងក្រុមប្រឹក្សា ឃុំ/សង្កាត់ ប៉ុន្តែពាក្យបណ្តឹងទាំងនេះ ពុំមានពាក្យបណ្តឹងជំទាស់ឡើយ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានគ.ជ.ប។

យោងតាមសេចក្តីប្រកាសព័ត៌មាន គជប ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែធ្នូនេះ បានបញ្ជាក់ថា បណ្តឹងតវ៉ាទាំង៤២រួមមាន៖ បណ្តឹងតវ៉ាសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន៣បណ្តឹងក្នុងនោះមាន៖ ខេត្តបន្ទាយមានជ័យ ១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។ ខេត្តកំពត ១បណ្តឹងយល់ព្រមតាមពាក្យបណ្តឹង និងរាជធានីភ្នំពេញ ១បណ្តឹងយល់ព្រមតាមពាក្យបណ្តឹង។

ក្រៅពីនោះមានបណ្តឹងសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន៣៩បណ្តឹងក្នុងនោះមាន៖ ខេត្តពោធិសាត់ ចំនួន៣៨បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង និងខេត្តតាកែវចំនួន១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។

គ.ជ.ប បានបញ្ជាក់ថា ចំពោះនៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងក្រុមប្រឹក្សាធម្មនុញ្ញវិញ ពុំមានពាក្យបណ្តឹងនោះទេ៕