(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០​១៧នេះ បានបើក​សវនាការជំនុំជម្រះ ​ស្ត្រីដែលជនជាប់ចោទ ការជេរប្រមាថសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ តាមបណ្តាញសង្គម Facebook ថា​ជា​ឃាតកសម្លាប់បណ្ឌិត កែម ឡី។

​ស្ត្រីជាប់ចោទឈ្មោះ ហ៊ឺន វ៉ាន់ស្រីពៅ ហៅ​ហេង លក្ខិណា អាយុ៣៧ឆ្នាំ ត្រូវបានតំណាងអយ្យការចោទ​ពីបទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»​។ បទចោទប្រកាន់មួយនេះ អាចប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។

ក្នុងសវនាការនោះ មានលោក អ៊ី ថាវរៈ ជាចៅក្រមជំនុំជម្រះនិងលោក ស្រី ម៉ាក់នី ជាតំណាងអយ្យការ បានធ្វើសេចក្តីសន្និដ្ឋាន រក្សាបទចោទប្រកាន់នៅដដែល និង​ផ្តន្ទាទោសតាមច្បាប់។ ក្រោយការសួរដេញដោយ តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ខាងមុខ។

សូមជម្រាបថា ស្ត្រីរូបនេះ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបេនឡាន រិទ្ធីមុនី បន្ទាប់ពី​រូបនាងបានបង្ហោះ​វីដេអូតាមគណនី Facebook ឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក​ ក្នុងអំឡុងពេល​នាង កំពុងស្ថិត​ក្នុង​ពិធីបុណ្យ​រំលឹកខួប​១ឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕