(ប៉ៃលិន)៖ ​ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១២៖១៣នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ខណៈជនជាតិអូស្ត្រាលីម្នាក់ កំពុងអង្គុយចុចកំព្យូរទ័រសុខៗ ក៏បានបាត់ស្មារតី ត្រូវមិត្តភក្តិដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ប៉ុន្តែយុវជនអូស្ត្រាលីរូបនេះ បានស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យបាត់ទៅហើយ។

ករណីខាងលើនេះ បានកើតឡើងនៅវិហាកាតូលិកមួយកន្លែង ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មន្ត្រីនគរបាលជំនាញកោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានថ្លែងបញ្ជាក់ថា បើតាមការធ្វើកោសល្យវិច្ឆ័យជនរងគ្រោះពិតជាស្លាប់ ដោយជំងឺគាំងបេះដូងប្រាកដមែន។​ ជនរងគ្រោះមានឈ្មោះ RODGER PATRiCK JAMES ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិអូស្ត្រាលី មកស្នាក់នៅវិហាខាងលើតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងផ្សព្វផ្សាយដំណឹងល្អ របស់ព្រះគ្រីស្តិ៍ ព្រមទាំងធ្វើការងារមនុស្សធម៌។

បើតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយចុចកំព្យូរទ័រ វាយឯកសារមួយសន្ទុះ ក្រោយមកស្រាប់តែយកទឹកកូកាកូឡា​មកផឹក ក៏មានអាការៈបាត់បង់ម្ចាស់ការ រួចក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងក្នុងមណ្ឌល​ខាងលើនេះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ​ ប៉ុន្តែហួសពេលទៅហើយ ដោយជនរងគ្រោះបានស្លាប់មុនដឹងទៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានដដែល បានបន្តថា កន្លងមកជនរងគ្រោះជាមនុស្សមានបញ្ហាបេះដូង និងខួក្បាលហើយតែងតែប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំផងដែរ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានតម្កល់នៅវិហាកាតូលិក រងចំស្ថានទូតអូស្ត្រាលី មកទទួលយកទៅស្រុកកំណើតផងដែរ៕