(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសយ៉ាងមោះមុតថា លោកនឹងបោសសម្អាតក្រុមក្មេងទំនើង បងតូចបងធំក្នុងខេត្តឲ្យខាងតែបាន ខណៈបក្ខពួកក្មេងទំនើងមួយចំនួន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងបញ្ជូនទៅតុលាការជាបណ្ដើរៗហើយ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងកំណត់មុខសញ្ញាតាមចាប់ខ្លួន។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្រោយមានករណីឃាតកម្មគិតទុកជាមុនមួយករណី បានកើតឡើងលើជនរងគ្រោះម្នាក់ឈ្មោះ សយ លួន អាយុ១៩ឆ្នាំ ជាសមាជិកក្រុមកាំបិតធំ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បង្កដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ដោយបានប្រើកាំបិតកាប់ទៅលើជនរងគ្រោះត្រូវក្បាល និងកញ្ចឹងក បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

ដោយមានការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកកំពង់សីលា បានស្រាវជ្រាវស៊ើបអង្កេតតាមជំនាញយ៉ាងក្តៅគគុក អស់រយៈពេល២ថ្ងៃ រហូតកំណត់មុខសញ្ញាជាបន្តបន្ទាប់ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន ៩នាក់ រួមមាន៖ ជា វីដេវីត អាយុ១៧ឆ្នាំ អ៊ុង ដារារិទ្ធ អាយុ១៧ឆ្នាំ គង់ មាន អាយុ១៧ឆ្នាំ ហ៊ុយ សេងលី អាយុ១៥ឆ្នាំ យូ អ៊ី អាយុ១៥ឆ្នាំ ឃាង ណារិន អាយុ១៩ឆ្នាំ ខាន់ សំណាង អាយុ១៦ឆ្នាំ បូ ចាន់ អាយុ១៨ឆ្នាំ និង សោម វីរតនា អាយុ១៦ឆ្នាំ។ នៅសល់៥នាក់ទៀត កំពុងតាមរកចាប់ខ្លួន។

វត្ថុតាងដែលរឹបអូសបាន រួមមាន៖ កាំបិតកាចែតចំនួន១ (ឧបករណ៍សម្រាប់ធ្វើឃាត) កាំភ្លើងខ្លីម៉ាកឡុក១៧ ប្រើហ្គាសចំនួន ១គ្រឿង ម៉ូតូចំនួន ៣គ្រឿង។

ហេតុការណ៍នេះកើតឡើងដោយសារគំនុំជាមួយគ្នា ដែលបានបង្កើតក្រុមបងតូចបងធំ រួមមាន៖ ក្រុម K-BOY ក្រុមកាំបិតធំ ក្រុម AL ក្រុម ADZ។ ករណីនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នាថ្ងៃទី២២ ខែធ្នូនេះ លោកស្នងការបានបញ្ជាក់ថា «នៅសល់ប៉ុន្មាននាក់ទៀត ចេញមកសារភាព និងបញ្ឈប់សកម្មភាព ខ្ញុំរឹតបន្តឹងឲ្យក្ដៅដៃជាងនេះទៀតហើយ ក៏មិនលើកលែងដែរ សុំបងប្អូន ពូ មីង ក្មួយ និងប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បីលប់បំបាត់ឈ្មោះក្រុមនេះចេញពីប្រទេសយើង ជាពិសេសនៅក្នុងខេត្តព្រះសីហនុនេះតែម្ដង»៕