(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានអនុម័តរួចហើយលើ «សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២» ធ្វើឡើងក្នុងគោលដៅការកែប្រែ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្ម ក្នុងសេដ្ឋកិច្ចជាតិដោយបង្កើនអនុបាតវិស័យឧស្សាហកម្មក្នុងផលិតផលជាតិសរុបឲ្យបាន៣០% នៅឆ្នាំ២០២៥ ក្នុងនោះវិស័យកម្មន្តសាលត្រូវកើនដល់២០%នៅឆ្នាំ២០២៥។ បង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល (មិនមែនជាវាយនភណ្ឌ អោយបាន១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ទន្ទឹមនឹងការជម្រុញការនាំចេញទំនិញកែច្នៃកសិកម្មអោយបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។

សេចក្តីព្រាងរបាយការណ៍នេះ ធ្វើឡើងដើម្បីពង្រឹងយន្តការគ្រប់គ្រង និងជម្រុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដោយជម្រុញការចុះបញ្ជីផ្លូវការនៃសហគ្រាសទាំងនោះ និងលើកកម្ពស់អភិបាលកិច្ចសាជីវកម្មតាមរយៈការកាន់កាប់បញ្ជីគណនេយ្យ និងតារាងតុល្យការផងដែរ។

បើតាមលោក ផៃ ស៊ីផាន ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នាពេលកន្លងមក បានបង្ហាញឲ្យឃើញថា ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកំពុងស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ និងអាចឈានទៅសម្រេចគោលដៅដែលបានកំណត់នៅឆ្នាំ២០២៥។

ក្នុងនោះការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចសហប្រតិបត្តិការដ៏ល្អ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ និងការប្រើប្រាស់នូវធនធានសរុបមធ្យោបាយសរុប ក្រោមការសម្របសម្រួលដ៏មានប្រសិទ្ធភាព គឺជាកត្តាគន្លឹះនៃការធានាជោគជ័យលើការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនេះ៕