(កំពត)៖ កាកបាទក្រហមកម្ពុជា​ (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន  នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត ចំនួន ១៩ (មានលេខរៀងចាប់ពី ៦៨ ដល់លេខរៀងទី ៨៦) ជូនដល់ប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២៣គ្រួសារ ស្មើនឹងមនុស្ស ១,៦១៥នាក់ រស់នៅក្នុងឃុំចំនួន​ ៨​ ស្រុកចំនួន​ ៥​ នៃខេត្តកំពត​ ដែលពិធីនេះធ្វើនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តស្ទឹងកំពត។

ពិធីនេះមានការអញ្ជើញចូលរួមពី​ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កក្រក​ និងលោក ចាន់​ ជេស្តា​ ប្រធានកិត្តិយសសាខាកក្រកខេត្តកំពត​ ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រី​-យុវជន​កក្រក​ និងប្រជាពលរដ្ឋចូលរួមអបអរសាទរក្នុងពិធីនោះផងដែរ ។

ក្នុងនាមកាកបាទក្រហមកម្ពុជា លោកស្រី​ អគ្គលេខាធិការរងទី​ ១ បានពាំនាំប្រសាសន៍​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹកជូនចំពោះប្រជាពលរដ្ឋ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ​ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ ចូលរួមលុបបំបាត់គ្រឿងញៀន​ និងអំពើហិង្សា​នានា ដើម្បីលើកកម្ពស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។​ ជាមួយគ្នានេះ​ សូមចូលរួមថែរក្សា​ ការពារ​ អណ្តូងទឹកទាំងនេះ​ រក្សាទុកជាផលប្រយោជន៍រួមគ្នាសម្រាប់សហគមន៍​ឱ្យបានគង់វង្សយូរអង្វែង។

អំណោយដែលត្រូវចែកជូនក្នុងម្នាក់ៗ​ ទទួលបាន សារុង​ ១​ ក្រមា​ ១​ និងថវិកា​ ១ម៉ឺន​រៀល​ ប្រជាពលរដ្ឋប្រមាណ​ ២០០នាក់​ ដែលមកចូលរួមបានសំដែងនូវក្តីរំភើប​រីករាយដោយបានការយកចិត្តទុកដាក់ពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានជួយដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋ​ខ្វះខាតទឹកប្រើប្រាស់​ហើយដែលពួកគាត់មិនពិបាកទៅរែកទឹកនៅឆ្ងាយផ្ទះ​ដូចមុនទៀតឡើយ។

បន្ទាប់ពីពិធីប្រគល់អណ្ដូងរួច ក្រុមការងារកាកបាទក្រហមកម្ពុជា​  បានបន្តចុះសួរសុខទុក្ខ​ និងចែកអំណោយជូនចាស់ជរាឥតទីពឹងចំនួន​ ១២គ្រួសារ​ រស់នៅភូមិត្រាំសសរ​ ឃុំសំរោងលើ​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ទៀតផង។

សូមបញ្ជាក់ផងដែរថា​ គិតចាប់តាំងពីឆ្នាំ ២០១០ មក ​ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺន​គ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង​ ហើយបាន​ និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។​

ដោយឡែក​ សម្រាប់ខេត្តកំពត ទទួលបានអណ្តូងសរុបចំនួន ៨៦អណ្តូង។​ សម្រាប់ឆ្នាំ​ ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន​ ២៦៧អណ្តូង​ និងស្រះចំនួន​ ២ នៅតាមបណ្ដាខេត្តចំនួន ៩ ក្នុងនោះខេត្តកំពតទទួលបានអណ្ដូងចំនួន ១៩ ផងដែរ ៕