(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជំរាបជូនដំណឹង ដល់សាធារណជន ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា៖ អាជ្ញាធរ ប្រទេស បារាំង (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានចេញបទបញ្ជា ស្តីពីការព្យួរការ នាំចេញ ការធ្វើចរាចរណ៍លើទីផ្សារ រយៈពេលមួយឆ្នាំ និងប្រមូលត្រឡប់មកវិញនូវ ផលិតផល ចិញ្ចឹមទារក និងកុមារតូចៗ (ម្សៅទឹកដោះគោ….) ដែលផលិតដោយក្រុមហ៊ុន GROUPE LACTALiS បន្ទាប់ពីមានបញ្ហាសុខភាព បានកើតឡើងចំពោះទារក និងកុមារតូចចំនួន២៦នាក់ ហើយលទ្ឋផលនៃការវិភាគរបស់ មជ្ឈមណ្ឌលបង្អែកជាតិប្រទេសបារាំង (National Reference Center: Institute Pasteur, Paris) បានបង្ហាញអំពីការចម្លង បាក់តេរី Salmonella Agona នៅក្នុងផលិតផលខាងលើ ។

 ក្រុមហ៊ុនបានប្រមូលត្រឡប់មកវិញ នូវផលិតផលដែលមាន បញ្ហាពីទីផ្សារប្រទេសបារាំង និងពីបណ្តាប្រទេសនានា ដែលក្រុមហ៊ុនបានចែកចាយ។  

ការចម្លងបាក់តេរី Salmonella Agona មានចំពោះតែលើផលិតផលដែលមានអត្តសញ្ញាណ មានដូចជា ៖ ឈ្មោះផលិតផល ( Article designation )  លេខឡូតិ៍ ( Batch Number ) ថ្ងៃ ខែ ឆ្នាំប្រើប្រាស់ជាអប្បបរិមា ( DDM : Date of Minimal Durability ) ដែលស្ថិតក្នុងបញ្ជីឧបសម្ព័ន្ឋនៃបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេស បារាំង ដែលជូនភ្ជាប់មកជាមួយប៉ុណ្ណោះ ។

វត្តមានបាក់តេរី Salmonella ក្នុងផលិតផលខាងលើនឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារក និងកុមារតូចៗ ដោយបង្កឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ  គ្រុនពោះវៀន  ។ ល។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននឹងកំពុងចាត់វិធានការរួមមាន ៖
-រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយខាងលើ។
-ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយក្នុងករណីមាននំាចូល   និងមាន ចរាចរលើទីផ្សារ។
-ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការ តាមនីតិវិធីប្រសិនបើ មានការដាក់តាំងលក់។

 ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋាន កាំកុងត្រូលសូម អំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផល ដែលមានអត្តសញ្ញាណ ដូចបានជំរាបជូនខាងលើ និងសូមជួយ សហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។

លេខទូរស័ព្ទទំនាក់ទំនង៖
• ទូរស័ព្ទខ្សែទី ១     ០១២ ២៧៨ ៧៨៩    
• ទូរស័ព្ទខ្សែទី ២     ០៩២ ៩៩៩ ៨៦៧    
• ទូរស័ព្ទខ្សែទី ៣     ០១២ ៩៨៥ ៥៧៧  

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មសូមថ្លែងអំណរគុណ និងសង្ឃឹមចំពោះការយកចិត្តទុកដាក់ របស់សាធារណៈជន ពាណិជ្ជករ អាជីវករទាំងអស់លើកិច្ចសហការការពារសុខមាលភាពទារក និងកុមារតូចៗឲ្យបាន ល្អប្រសើរ៕