(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា មុនបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ ឆ្នាំ២០១៨ខាងមុខនេះ កម្ពុជានឹងដាក់ឲ្យដំណើរការរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ​រថភ្លើងក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ជាមួយការដាក់ដំណើរការរថភ្លើងដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិនេះ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល៣ខែដោយឥតគិតថ្លៃថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល។

ក្នុងឱកាសបើកសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាជ្រោយចង្វានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា «មុនចូលឆ្នាំនេះ យើងនឹងតភ្ជាប់ផ្លូវស្ថានីយ៍រថភ្លើងយើងពីស្ថានីយភ្នំពេញយើង ទៅព្រលានយន្ដហោះ ដែលក្បាលរថភ្លើងចំនួនបីគ្រឿង ដែលមួយគ្រឿងដឹកបានប្រហែល១០០នាក់»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា ការដាក់ឲ្យដំណើរការរថភ្លើងដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយក៏ជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវចេញចូលព្រលានយន្តហោះផងដែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងថា ការដំណើរតាមរថភ្លើងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឬ ពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវចំណាយពេលប្រមាណ២០ ទៅ ២៥នាទី។

នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។

បើទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល មិនបង្ហាញពីទំហំទឹកប្រាក់ដែលវិយោគលើគម្រោងខ្សែរថភ្លើងដឹកអ្នកដំណើរនេះឡើយ។ លោករដ្ឋមន្ត្រីអះអាងថា ការវិនិយោគលើទំហំតិចតួចប៉ុណ្ណោះ ដែលជាវិនិយោគរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

លោក ស៊ុ​ន ចាន់ថុល បានបញ្ជាក់ថា រថភ្លើងដែលបញ្ជាទិញពីប្រទេសម៉ិចស៊ីកូ ក្មួយគ្រឿងតម្លៃប្រមាណ ២លានដុល្លារអាមេរិក។

ក្រៅពីការប្រកាសដាក់ឲ្យដំណើរការរថភ្លើងទៅកាន់ព្រលានយន្តហោះហើយនោះ លោក ស៊ុន ចាន់ថុល បានប្រកាសដែរថា ការធ្វើដំណើរតាមផ្លូវទឹកពីព្រែកព្នៅ មកកាន់រាជធានីភ្នំពេញ និងឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏គ្រោងនឹងដាក់ឲ្យដំណើរការនៅមុនពេលបុណ្យចូលឆ្នាំខ្មែរផងដែរ។

លោកទេសរដ្ឋមន្ដ្រី បានថ្លែងថា សមិទ្ធផលដែលកំពុងកើតមាននៅកម្ពុជា ក៏ដូចជានឹងកើតមាននាពេលអនាគតនេះ គឺដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយ និងសន្តិភាព ដែលទាមទារឲ្យរួមគ្នាថែរក្សាឲ្យបាន។

លោកទេសរដ្ឋ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីកំពុងលេចធ្លោលើការធ្វើកំណែទម្រង់នោះ បានបញ្ជាក់ថា «នេះបង្ហាញឲ្យឃើញពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ពិសេសសុខសន្ដិភាព និងស្ថិរភាពនយោបាយ មីក្រូសេដ្ឋកិច្ច នៅកម្ពុជាតែម្ដង ព្រោះបើគ្មានសុខសន្ដិភាពទេ ក៏គ្មានការរីកចម្រើន ​និងអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើនផងដែរ»៕