(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកបង្ហាញពីគម្រោងសំខាន់ៗមួយចំនួនក្នុងការកសាងផ្លូវគោក ផ្លូវទឹក និងផ្លូវដែកផងដែរ សម្រាប់សម្រួលដល់ការដឹកជញ្ជូននៅកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីសម្ពោធ​មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាជ្រោយចង្វារ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែផ្ដល់អាទិភាពខ្ពស់ក្នុងការកសាងផ្លូវ។

បើតាមលោកទេសរដ្ឋមន្ដ្រី ការកសាងផ្លូវជារឿងសំខាន់បំផុត ព្រោះថាពេលបច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានការអភិវឌ្ឍន៍ សេដ្ឋកិច្ចកំពុងតែរីកចម្រើន ដូច្នេះហើយតម្រូវការប្រើប្រាស់ផ្លូវជារឿងសំខាន់ណាស់។

លោករដ្ឋមន្ដ្រីក្រសួងការសាធារណការ ​ក៏បានគូសបញ្ជាក់ពីការកសាងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ រហូតដល់ ១៤.៥ម៉ែត្រ​ផងដែរ។ កំពង់ផែទឹកជ្រៅថ្មីនេះ អាចឲ្យកប៉ាល់ធំៗទូទាំងពិភពលោកអាចចូលចតបាន ដោយត្រៀមបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឲ្យដឹងផងដែរថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលបានដាក់ទិសដៅច្បាស់លាស់ណាស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូននៅកម្ពុជា។

សូមស្ដាប់ការលើកឡើងរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖