(កំពង់ធំ)៖ អភិបាលស្រុកស្ទោង លោក ណែត សារី រួមទាំងព្រះសង្ឃ គណៈកម្មការវត្តឈើទាល មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងែទី២១ ខែធ្នូ ឆ្នាំ២០១៧ បាននាំយកថវិកាចំនួន ១ម៉ឺន៤ពាន់ដុល្លារ និង ៧លាន៣៦ម៉ឺនរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យឲ្យដំណើរការពិនិត្យ និងព្យាបាលដល់កុមាកម្ពុជាឲ្យរស់រានមានជីវិត ជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។

លោក ណែត សារី បានឲ្យដឹងថា ថវិកាទាំងអស់នេះ គឺអាជ្ញាធរស្រុករួមព្រះសង្ឃ អាចារ្យ គណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តឈើទាល មន្ត្រីរាជការ និងប្រជាពពលរដ្ឋ
បានមូលមតិគ្នាប្រារព្ធធ្វើបុណ្យផ្កាប្រាក់ ដើម្បីកៀរគររកសប្បុរសជនឲ្យចូលរួមបរិច្ចាគ ថវិការសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឲ្យបានដំណើរការពិនិត្យព្យាបាលដល់កុមារ និងចាស់ជរាជារៀងរហូត ព្រោះប្រសិនបើគ្មានមន្ទីរពេទ្យកុមារនេះទេ ម៉្លេះសមកុមារកម្ពុជា និងជួបនឹងគ្រោះអាសន្ន ការបាត់បង់អាយុជីវិតរាប់ពាន់រាបម៉ឺន ជាមិនខានតែដោយសារតែមានមន្ទីរពេទ្យកុមារនេះ ហើយទើបធ្វើឲ្យកុមារកម្ពុជាមានជីវិតរស់រានចាក់ផុតពីជីងឺផ្សេងៗបាន។

ប្រជាពលរដ្ននៅក្នុងស្រុកស្ទោង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសបានថ្លែងអំណរអរគុណចំពោះ លោក Beat Richner នាយកមន្ទីរគន្ធាបុប្ផាដែលបានជួយសង្រ្គោះកុមារកម្ពុជារាប់លាននាក់ ឲ្យរស់រានមានជីវិតចាកផុតពីជំងឺ និងបានផ្ដល់ជូននូវការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ ឲ្យមានការងារធ្វើអាចរកកម្រៃ សម្រាប់ចិញ្ចឹមជីវិតបានយ៉ាងល្អប្រសើរ។

លោក ណែត សារី បានសម្ដែងការអរគុណដល់មន្ត្រីរាជការព្រះសង្ឃ អាចារ្យ គណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តឈើទាល ប្រជាពលរដ្ឋទាំងអស់ដែលមានទឹកចិត្តជ្រះថ្លាចូលរួមបច្ច័យទោះតិចក្តីច្រើនក្តី ដើម្បីជាកម្លាំងមនុស្សធម៌ ជួយដល់កុមារ និងសង្គមជាតិយ៉ាងធំធេង ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕