(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយលោក សុខ លូ  អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២១ ខែធ្នូនេះ បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ និងគ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន១៨៤នាក់។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ បទល្មើសកើតឡើងចំនួន ៧៨លើក ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន ២០លើក បទល្មើសរំលោភសេពសន្ថវៈចំនួន ១០លើក និងបទល្មើសមជ្ឈិមចំនួន ៥៨លើក ជាលទ្ធផលកងកម្លាំងនគរបាលបើកកិច្ចប្រតិបត្តិការបង្ក្រាបបានចំនួន ៣៧ករណី ចាប់ខ្លួន ៤៤នាក់ បង្ក្រាបស៉ើបអង្កេត ១៦ករណី ចាប់ខ្លួន ២៤នាក់។ បង្ក្រាបបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ៨១ករណី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២០៧នាក់ (ស្រី១៣នាក់) ធ្វើអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ចំនួន ៥១នាក់ និងបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែស្ដារនីតិសម្បទាចំនួន ៤៦នាក់។

ដោយឡែកក្នុងងពិធីប្រកាសមានផ្ទេរភារកិច្ច តែងតាំងមុខតំណែងស្នងការរងចំនួន ៥រូប បំពាក់ឋានន្តរស័ក្កិថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ១រូប ថ្នាក់វរសេនីយ៍ឯកចំនួន ៩រូប ថ្នាក់វរសេនីយ៍ទោចំនួន ១រូប ថ្នាក់វរសេនីយ៍ត្រីចំនួន ២រូប ថ្នាក់អនុសេនីយ៍ឯកចំនួន ៣១រូប ថ្នាក់អនុសេនីយ៍ទោចំនួន ៣៨រូប ថ្នាក់អនុសេនីយ៍ត្រីចំនួន ៣៨រូប ថ្នាក់ព្រិន្ទបាលឯកចំនួន ៦រូប និងផ្តល់គ្រឿងឥស្សរិយយស មេដាយមាសចំនួន ១២រូប មេដាយប្រាក់ចំនួន ៦រូប មេដាយសំរឹទ្ធចំនួន ១៤រូប
ប័ណ្ណសរសើរចំនួន០ ៦រូប និងលិខិតសរសើរចំនួន ២០រូប។

លោក សុខ លូ  និងលោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានអបអរសារទរដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលត្រូវបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពីក្រសួងមហាផ្ទៃ និងពីអគ្គស្នងការនគរបាលជាតិ ប្រគល់តួនាទី បំពាក់ឋានន្តរស័ក្កិ បំពាក់គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសរសើរជូន ជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ និងជំរុញឲ្យនាយនគរបាល និងពលនគរបាលយើងត្រូវខិតខំបន្ថេមទៀតទប់ស្កាត់ និងធ្វើយ៉ាងណារួបរួមសាមគ្គីគ្នា ជួយទប់ស្កាត់ការជួញដូរគ្រៀងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ ខិតខំបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន  និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅអភិក្រមទាំងបួនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕