(ភ្នំពេញ)៖ ក្នុងកិច្ចសន្ទនានយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្រ្តី លើកទី៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ​ កម្ពុជា-វៀតណាម បានជំហរប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបការ ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីទប់ស្កាត់អំពីការជិះឥទ្ធិពលអវិជ្ជមាន និងការគំរាមកំហែង ពីក្រៅប្រទេស ជាពិសេសឥទ្ធិពលរបស់ ប្រទេសមហាអំណាច ។

របាយការណ៍ក្រសួងការពារជាតិកម្ពុជា បានកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ សភាពការណ៍ទូទៅពិភពលោក មានភាពមិនច្បាស់លាស់ និងប្រែប្រួលបត់បែន ពោរពេញទៅដោយភាពចម្រូងចម្រាស់ស្មុគស្មាញជាច្រើន ជាពិសេសផ្នែកនយោបាយ សន្តិសុខ យោធា ការទូត និងសេដ្ឋកិច្ច ដែលបណ្តាលមកពីការប្រមូលផ្តុំ និងរីករាលដាលនូវបញ្ហារសើបៗ ដែលមានការផ្សារភ្ជាប់នឹងផលប្រយោជន៍របស់មហាអំណាចនានា ហើយតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ត្រូវបានក្លាយជាតំបន់យុទ្ធសាស្រ្តនៃការប្រកួតប្រជែងគ្នារវាងមហាអំណាចចិន និងអាមេរិក ហើយនិន្នាការនេះ កំពុងតែបន្តក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ដោយឡែកបញ្ហានុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ ក៏កំពុងស្ថិតនៅដំណាក់កាលមួយគួរឲ្យព្រួយបារម្ភផងដែរ មិនមែនសម្រាប់តែតំបន់អាស៊ី ខាងកើតនោះទេ ប៉ុន្ដែគឺសម្រាប់ពិភពលោកផងដែរ។

លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងប្រាប់ទៅភាគីវៀតណាម នៅក្នុងកិច្ចសន្ទនានេះថា នៅក្នុងបរិបទ នៃសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយការបរទេស ក្នុងគោលដៅពង្រឹង និងពង្រីក ចំណងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសជាមិត្តជិតខាង និងបណ្តាប្រទេសជាមិត្តជិតឆ្ងាយ ក៏ដូចជាដៃគូរអភិវឌ្ឍនានា ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាមិត្តជិតខាងដ៏ល្អ ទោះស្ថិតក្នុងកាលៈទេសៈនាក៏ដោយ ក៏ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសយើងទាំងពីរ នៅតែរក្សាបានភាពរឹងមាំនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាពជាប្រពៃណីយូរអង្វែង។

លោក ង្វៀង ជីវិញ សមាជិកមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ក៏បានថ្លែងដែរថា ដំណាក់កាលនេះ វៀតណាម និងកម្ពុជា ត្រូវតែពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដោយរាប់បញ្ចូលទាំងវិស័យការពារជាតិផងដែរ។ កម្ពុជា-វៀតណាម កាន់តែដើរតួយ៉ាងសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាក៏ដោយ បើតាមនាយឧត្តមសេនីយ៍ នាង ផាត បន្ទាប់ពីបញ្ចប់នូវកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្រ្តី លើកទី៣នេះ ភាគីយើងទាំងពីរ ត្រូវបន្តសហការ អនុវត្តឲ្យបានល្អប្រសើរឡើងថែមទៀត នៅក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកងទ័ពដូចតទៅ៖

១៖ ខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានល្អប្រសើរ តាមផែនការ និងខ្លឹមសារនៃអនុស្សរណៈ ក៏ដូចជាពិធីសារស្តីពី កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិកម្ពុជា ជាមួយក្រសួងការពារជាតិវៀតណាម ដើម្បីលើកកម្ពស់ នូវចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

២៖ បន្តគាំទ្រសហការជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការចូលរួមជាមួយរដ្ឋាភិបាល នៃប្រទេសទាំងពីរ លើការកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។

៣៖ បន្តលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង សមាគមអតីតយុទ្ធជនកម្ពុជា ជាមួយនឹងសមាគមអតីតយុទ្ធជនវៀតណាម ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ក៏ដូចជាការបន្តនូវប្រពៃណី ដ៏ល្អផូរផង់នៃអតីតកងទ័ពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសបន្តកិច្ចសហប្រតិបត្តិការ ល្អរវាងយុវជន និងនារីក្នុងកងទ័ពទាំងពីរ ផ្សព្វផ្សាយទូលំទូលាយ អប់រំកម្លាំងបន្តវេនជំនាន់ក្រោយឲ្យយល់ច្បាស់ពីសារសំខាន់ក្នុងការពង្រឹង និងកសាងទំនាក់ទំនងជាប្រពៃណី រវាងកងទ័ព និងប្រជាជនទាំងពីរ។

និង ៤៖ បន្តសហការជិតស្និទ្ធថែមទៀត នៅតាមបណ្តាអន្តរជាតិនានា ជាពិសេសវេទិការតំបន់អាស៊ាន និងសកលលោក ចំពោះបញ្ហាទាក់ទងដល់ប្រទេស និងកងទ័ព យើងទាំងពីរ សំដៅការទាញយកពីអន្តរជាតិ ដើម្បីប្រយោជន៍រួមរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕