(ភ្នំពេញ)៖ កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមទល់ដែនខ្មែរ-ថៃ បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យកងទ័ពកុំស្តាប់បញ្ជាមេបញ្ជាការ ឬ ប្រឆាំងជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាការញុះញង់មួយ ដែលនឹងនាំឲ្យជាតិកម្ពុជាទាំងមូលជួបប្រទូស្តរាយ និងធ្លាក់ទៅក្នុងភាពវឹកវរដូចពីអតីតកាល។

ការថ្លែងរបស់កងទ័ពតាមទល់ដែនកន្លែងទ័ពថៃចូលឈ្លានពានកាលពីឆ្នាំ២០០៨នេះ បានកើតមានបន្ទាប់ពីលោក សម រង្ស៊ី អ្នកនយោ បាយរុំស្រេះដោយទោសទណ្ឌម្តងជាពីរដង បានអំពាវនាវឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងកុំស្តាប់មេបញ្ជាការរបស់ពួកគេ។

លោក សម រង្ស៊ី ក៏បានលើកឡើងក្នុងទំព័រ Facebook ក្នុងចេតនាញុះញង់កងទ័ពដែរថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាមេបញ្ជាការកំពូលៗមិនបានយកចិត្តទុកដាក់ទៅលើជីវភាពរបស់បងប្អូនកងទ័ពខ្មែរនោះឡើយ។

ប្រតិកម្មតបទៅនឹងការលើកឡើងទាំងនេះក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លើទឹកដីទល់ដែនក្នុងខេត្តព្រះវិហារ លោក ហ៊ុ សំអុន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ជាមេបញ្ជាការផុតលេខមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់សុខទុក្ខរបស់កងទ័ព។ លោក ហ៊ុ សំអុល បានគូសបញ្ជាក់ថា រាល់រដូវភ្លៀង រដូវរងារ គឺសម្តេចតេជោ តែងតែបញ្ជូនអាវភ្លៀង អាវរងារជូនកងទ័ពជានិច្ច។

មិនខុសពីលោក ហ៊ុ សំអុល កងទ័ពម្នាក់ទៀត គឺលោក លី ផុន ក៏បានថ្លែងដូចគ្នាផងដែរថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមិនដែលព្រងើយកន្តើយជាមួយកងទ័ពនោះឡើយ តែងតែគិតគូរដល់កងទ័ពជានិច្ច។ បើតាមលោក លី ផុន ដើម្បីលើកកម្ពស់ជីវភាពកងទ័ព សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃអាហារប្រចាំថ្ងៃ ហើយផ្តល់ជាគោលនយោបាយផ្ទះ និងដីសម្រាប់បង្កបង្កើន ផលផងដែរ។

កងទ័ពក៏បានសម្តែងការខឹងសម្បាផងដែរ ចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ កងទ័ពបានប្រកាសដោយការប្តេជ្ញាចិត្តមុតមាំថា ពួកគាត់មិនអាចធ្វើតាមការអំពាវនាវរបស់លោក សម រង្ស៊ី បាននោះឡើយ។

លោក ហ៊ុ សំអុល ដែលមានអតីតភាពជាកងទ័ពខ្មែរក្រហមដែរនោះ បានថ្លែងថា «ការអំពាវនាវរបស់ សម រង្ស៊ី កន្លងមកនេះ ឲ្យកងទ័ពកុំឲ្យស្តាប់បទបញ្ជា ឲ្យបែរកាណុងទៅរាជរដ្ឋាភិបាល គឺខ្ញុំមិនអាចទទួលយកបានទេ។ ការឃោសនារបស់ សម រង្ស៊ី នេះ គឺបង្កសង្គ្រាម បង្កមហាវិនាសកម្មដល់ប្រទេសជាតិ ដែលខ្ញុំមិនអាចធ្វើតាមបានទេ មានតែបែរកាណុងទៅ សម រង្ស៊ី វិញហ្នឹងឯង។ ដើម្បីរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន គឺលំបាកទម្រាំបានសន្តិភាពមកទល់សព្វថ្ងៃនេះ»។

ដោយឡែកលោក លី ផុន បានបញ្ជាក់ដូច្នេះ «ការឃោសនារបស់ សម រង្ស៊ី យើងខ្ញុំទាំងអស់គ្នាមិនអាចទទួលយកបានជាដាច់ខាត ព្រោះសម្តេចអគ្គមហាសេនាបតីតេជោ មានគុណបំណាចធំធេងណាស់ជាមួយពួកយើងខ្ញុំ ហើយឲ្យយើងខ្ញុំបែរកាណុងទៅរកសម្តេច ឲ្យខ្ញុំទៅធ្វើអ្វីខុសពីឆន្ទៈរបស់ខ្ញុំ គឺខ្ញុំមិនអាចធ្វើបានទេ។ ប្រជាពលរដ្ឋសព្វថ្ងៃគាត់បានសុខ លោកខំកសាងលំនៅឋានដោយមានជំនឿជឿជាក់លើសន្តិភាព ទើបខំធ្វើ ខំបំពេញភារកិច្ចក្នុងក្រុមគ្រួសារ។ ជាពិសេសយើងខ្ញុំទាំងអស់គ្នាក៏ខំ ដោយសារសន្តិភាពនេះហើយ។ អ៊ីចឹងខ្ញុំមានទឹកចិត្តតែមួយគត់ គឺរក្សាសន្តិភាព ដែលសម្តេចលោកនាំមកឲ្យពួកយើងខ្ញុំ។ យើងខ្ញុំនឹងខិតខំថែរក្សា ហើយស្មោះត្រង់ជាមួយសម្តេចជារៀងរហូត»។

ភរិយារបស់កងទ័ពអ្នកស្រី ដិន ម៉ៅ អាយុ ៥១ឆ្នាំ ក៏បានបង្ហាញការខឹងសម្បាផងដែរចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី។ អ្នកស្រី ដិន ម៉ៅ ដែលមានអតីតភាពជាកូនចៅរបស់តាម៉ុកមេខ្មែរក្រហមមួយរូបដែរនោះ បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី គឺជាការ ក្បត់ប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជន។

ស្រ្តីជាភរិយាកងទ័ពមានអតីតភាពជាកូនចៅខ្មែរក្រហមរូបនេះ បានថ្លែងថា «ធ្វើអ៊ីចឹងខ្ញុំមិនពេញចិត្តទេចំពោះខ្ញុំ។ វាក្បត់ប្រជាជនទាំងអស់ ហើយក្បត់ទាំងប្រទេសជាតិទាំងមូលតែម្តង។ នយោបាយគាត់ជានយោបាយបោកប្រាស់ ធ្វើឲ្យប្រជាជនចលាចលអត់បានរកស៊ីអី គិតតែរឿងអត់បានប្រយោជន៍។ គោលការណ៍គាត់ក្បត់ទាំងប្រទេសជាតិ ក្បត់ប្រជាជនទាំងមូលតែម្តង។ ខ្ញុំនិយាយរឿងហ្នឹងខ្ញុំឈឺចាប់ណាស់»។

ក្រៅពីការសម្តែងការប្រតិកម្មកងទ័ពក៏បានផ្ញើសារទៅកាន់លោក សម រង្ស៊ី ក៏ដូចជាបក្ខពួកទាំងអស់ ឲ្យបញ្ឈប់នូវការអំពាវនាវរបស់ខ្លួនបន្តទៅទៀត ព្រោះវាគ្មានផលចំណេញសម្រាប់ជាតិកម្ពុជា ដែលធ្លាប់រងវិនាសកម្មដោយសារភ្លើងសង្គ្រាមអស់ប្រមាណជា ៣ទសវត្សរ៍មកនោះ។

លោក ហ៊ុ សំអុល បានអំពាវនាវដូច្នេះ «ខ្ញុំសូមផ្តាំទៅពួកសម រង្ស៊ី និង កឹម សុខា មិនទាន់ហួសពេលទេងាកមកបម្រើប្រទេសជាតិមាតុភូមិវិញមក។ កុំបង្កការញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិខ្លួនឯង សុខសន្តិភាពនេះ សម រង្ស៊ី ឯងបានឃើញហើយ។ បើអង្គុយលើទូកសន្តិភាពហើយ បើមិនជួយចូកជួយចែវទេ កុំយកជើងរាទឹក ធ្វើម៉េចខិតខំរក្សាសុខសន្តិភាពនេះ។ ក្នុងប្រវត្តិសាស្រ្តយើងមើលទៅសង្គ្រាមច្រើនទសវត្សរ៍មកហើយលំបាកវេទនាណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរនិរាស្ត្រព្រាត់ប្រាស់ និងពិការ»។

លោក លី ផុន ក៏បានអំពាវនាវផងដែរថា «ខ្ញុំសូមជម្រាបទៅពួកបក្សប្រឆាំងទាំងអស់ កុំមកញុះញង់កងទ័ពយើងខ្ញុំទាំងអស់គ្នានេះឲ្យបែរកាណុងទៅរករាជរដ្ឋាភិបាលទៀតទេ។ យើងខ្ញុំមិនអាចធ្វើតាមនូវអំពើដ៏យង់ឃ្នងនេះ ហើយជាអំពើមួយ ដែលពួកយើងខ្ញុំទាំងអស់គ្នាមិនអាចទទួលយកបាន ព្រោះសន្តិភាពជាឃឿនមួយដ៏ស្កឹមស្កៃ ដែលយើងខ្ញុំទាំងអស់គ្នាកំពុងស្រឡាញ់ និងគោរពបូជា។ អ៊ីចឹងខ្ញុំសូមជម្រាបទៅលោក សម រង្ស៊ី ថា កុំសង្ឃឹមឲ្យសោះថា កងទ័ពយើងខ្ញុំនេះបែរកាណុងទៅរករាជរដ្ឋាភិបាល គឺមានតែការការពារសន្តិភាព ដែលសម្តេចលោកខំប្រឹងប្រែងរក្សាបានជាយូរឆ្នាំណាស់មកហើយ»។

ដោយឡែកអ្នកស្រី ដិន ម៉ៅ ដែលធ្លាប់បានហែលឆ្លង និងឆ្អែតឆ្អន់ជាមួយភ្លើងសង្គ្រាម និងទុក្ខលំបាកនៅក្នុងរបបខ្មែរក្រហមនោះ បានឆ្លៀតអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យស្តាប់នូវការញុះញង់របស់របស់លោក សម រង្ស៊ី និងបក្ខពួក។

អ្នកស្រី បានបញ្ជាក់ដូច្នេះ «កុំជឿការឃោសនារបស់លោក សម រង្ស៊ី។ សូមឲ្យកូនៗតាំងស្មារតីឡើង តាំងគោលជំហរឡើង កុំជឿការឃោសនាដែលក្បត់ជាតិ។ គាត់ភូត គាត់ភរ គាត់កុហក គាត់អត់និយាយពាក្យពិត ដល់បងប្អូនសោះ។ អ៊ីចឹងបានខ្ញុំនឹកឃើញ ខ្ញុំឈឺចាប់»។

សូមបញ្ជាក់ថា សារញុះញង់មួយជាពីរដងរបស់លោក សម រង្ស៊ី ឲ្យកងទ័ពមិនស្តាប់បញ្ជារបស់មេបញ្ជាការ ក៏ដូចជាឲ្យកងទ័ពប្រឆាំងរាជ រដ្ឋាភិបាលនេះ បានធ្វើឲ្យមេទ័ពកំពូលៗរបស់កម្ពុជាប្រតិកម្មខ្លាំង និងចេញមកថ្កោលទោសផងដែរ។ ជាមួយគ្នាអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានដាក់បណ្តឹងទៅកាន់តុលាការថែមទៀតផងនៅដើមខែធ្នូនេះ៕