(ភ្នំពេញ)៖ លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី និងជាប្រធានប្រចាំការ នៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងកាន់តែមានភាពងាយស្រួល ក្នុងទំនាក់ទំនងគ្រោះមហន្តរាយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែម ទាំងសម្របសសម្រួល និងកិច្ចសហប្រតិបត្តិការ។

លោក ញឹម វណ្ណដា តំណាងបានដឹកនាំប្រតិភូកម្ពុជា អញ្ជើញទស្សនកិច្ចចូលរួមកិច្ចប្រជុំជាមួយមជ្ឈមណ្ឌលត្រៀមបង្ការ គ្រោះមហន្តរាយអាស៊ី និងការចុះអនុស្សរណៈយោគយល់គ្នាស្តីពី គ្រោះមហន្តរាយ ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រថៃ ក្នុងនោះដែរ មានការចូលរួមពីបណ្តាប្រទេសអាស៊ានទាំង១០ ដើម្បីពិនិត្យមើលការត្រៀមរៀបចំ ជួយប្រទេសក្នុងអាស៊ីសរុបមាន៧២ប្រទេស ប៉ុន្តែលោកបានឲ្យដឹងថា មកទល់ពេលនេះមានតែ៩ប្រទេស រួមទាំងកម្ពុជា បានយល់ព្រមចុះអនុស្សារណៈ ក្រោយពេលទទួលបាននូវរាជក្រមដោយព្រះហស្ថលេខារបស់ព្រះមហាក្សត្រនរោត្តម សីហមុនី ដើម្បីដាក់បញ្ជូលទៅគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ និងអនុវត្តជាអន្តរក្រសួង។

លោកបានបញ្ជាក់ថា ការដាក់ចេញនូវរាជក្រមរបស់ព្រះមហាក្សត្រ សម្រេចទទួលយកមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ អាស៊ីនេះគឺដើម្បីងាយស្រួលក្នុងការសម្របសម្រួល ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមជ្ឈមណ្ឌលនេះមានទំនាក់ទំនងល្អជាមួយកម្ពុជាតាំងពីឆ្នាំ១៩៩៤ ទាំងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិ។ យ៉ាងណាក្តី លោកទេសរដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្នការគ្របគ្រងគ្រោះមហន្តរាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការគ្រប់គ្រងយ៉ាងម៉ត់ចត់ និងមិនមានការលំបាក ឬខ្វះខាតអ្វីនោះទេ៕