(ឧត្តរមានជ័យ)៖ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាសម្តេច ហ៊ុន សែន អន្លុងវែង ក្នុងខេត្តឧត្តរមានជ័យ បានរងគ្រោះដោយសារការផ្ទុះគ្រាប់ M60 ខណៈកំពុងធ្វើការបោសសម្អាត និងដុតសម្រាមក្នុងទីធ្លាសាលារៀន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីហេតុការណ៍ខាងលើ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានចុះទៅសួរសុខទុក្ខផ្ទាល់ដល់ជនរងគ្រោះ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ។

ដោយឡែក លោកទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកអភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានភីម៉ាក់ខេត្ត ដែលបានចុះជួយអន្តរាគន៍ និងសួរសុខទុក្ខដល់ជនរងគ្រោះទាំង៤នាក់។

លោកទេសរដ្ឋមន្ត្រី អគ្គលេខាធិការអាជ្ញាធរមីន បានឲ្យដឹងថា ក្រុមការងាររបស់អាជ្ញាធរមីន នឹងចុះទៅសួរសុខទុក្ខ អ្នកគ្រូ និងសិស្សានុសិស្ស និងពិនិត្យកន្លែងកើតហេតុ ដើម្បីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមឲ្យអស់ពីបរិវេណសាលា នៅពេលឆាប់ៗខាងមុខនេះ៕