(ភ្នំពេញ)៖ ខណៈរដូវរងាបានឈានចូលមកដល់ ក្នុងប្រទេសកម្ពុជានោះ គេឃើញថា ការលក់សំលៀកបំពាក់សម្រាប់រដូវរងារ នៅតាមទីផ្សារក៏កំពុងកាក់កបខ្លាំង ដោយក្នុង១ថ្ងៃៗ អាជីវករអាចរកចំណូលបានខ្ទង់ពាន់ដុល្លារ និងនាំចេញទៅលក់ នៅតាមបណ្ដាខេត្តនានាផងដែរ។

ជាមួយគ្នានេះ គេឃើញថាប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសំរុកចូលទិញអាវរងា ដើម្បីទប់ទល់នឹងអាកាសធាតុដែលត្រជាក់ខ្លាំង។

កញ្ញា សុខា អាជីវករលក់អាវរងា នៅម្តុំផ្សារអូឡាំពិក បានថ្លែងថា ក្នុងឆ្នាំនេះមានការជាវអាវរងាច្រើនពីអតិថិជន ទាំងលក់បោះដុំ និងលក់​រាយ។ កញ្ញាបានបោះដុំអាវរងារ ទៅតាមបណ្តាលខេត្តជាច្រើន ដោយបោះម្ដងចំនួន៦-១០គីប។

កញ្ញា សុខា បន្តថា «សំម្លៀកបំពាក់នេះ បាននាំចូលពីប្រទេសកូរ៉េ, ចិន, សហរដ្ឋអាមេរិកជាដើម...ហើយក្នុង១ថ្ងៃបានខ្ញុំបានលក់ចេញអាវរងាពី៥-៦គីប ហើយអាវរងានះក៏បាននាំចេញទៅវៀតណាមផងដែរ»

អ្នកស្រី សុគារ អាជីវករលក់អាវរងា ក៏បានបញ្ជាក់ឲ្យដឹងស្រដៀងៗគ្នានេះដែរថា ក្នុងឆ្នាំនេះការលក់អាវរងា មានការកើនឡើងរហូត ទៅដល់៧០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់អ្នកស្រី សំភាស់ ក៏បានលើកឡើងថា ឆ្នាំនេះត្រជាក់ខ្លាំង ដូច្នេះការលក់អាវរងាដាច់ខ្លាំង និងលក់​ចេញបានច្រើនក្នុង១ថ្ងៃៗ ដោយមានមនុស្សម្នាជាច្រើន នាំគ្នាមកជាវអាវរងារនេះ បើប្រៀបធៀបនឹងឆ្នាំមុនឆ្នាំនេះលក់ដាច់ខ្លាំង និងទទួល​បានចំណូល​ជាច្រើនផងដែរ៕