(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានជម្រុញលើកទឹកចិត្តដល់កសិករដាំបន្លែគ្រប់ប្រភេទ ឲ្យបានច្រើនថែមទៀត សម្រាប់នាំទៅកាន់ទីផ្សារនានាក្នុងខេត្ត និងទៅរាជធានីភ្នំពេញ។

លោកអភិបាលខេត្ត ​បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្ម លើដំណាំបន្លែដល់កសិករឲ្យបានគ្រប់គ្នា ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់ ​ទទួលបានប្រាក់ចំណេញច្រើន។ ​លោក​បានអំពាវនាវដល់ឈ្មួញ ដែលមានបំណងទិញបន្លែយកទៅលក់ សូមអញ្ជើញមកទិញនៅឃុំកោះចេក មានបន្លែធម្មជាតិល្អៗ​ហូបមិនប៉ះពាល់សុខភាព។​

​លោក ចាន់ សាវៀន កសិករដាំបន្លែ បានលើកឡើងថា ការដាំបន្លែទទួលបានប្រាក់ចំណេញច្រើនជាងស្រូវ ដោយស្ពែ១ហិតា អាចលក់បាន៣០លានរៀល កាត់ថ្លៃដើមអស់ ចំណេញបាន២០លានរៀល។ កសិករក្នុងឃុំបានថ្លែងអំណគុណដល់អភិបាលខេត្ត ដែលបានឲ្យមន្ទីរកសិកម្មបណ្តុះបណ្តាលបច្ចេកទេស ធ្វើឲ្យដំណាំទទួលបានទិន្នផលខ្ពស់​ និងយកចិត្តទុកដាក់ដល់កសិករ នៅឃុំកោះចេកទាំងអស់។

​សូមជម្រាបថា ប្រជាពលរដ្ឋនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ​បាននិងកំពុងដាំបន្លែនៅលើផ្ទៃដីជាង៨០០ហិតា មានបន្លែ១៦មុខ បាននាំទៅកាន់ទីផ្សារនានាក្នុងខេត្ត និងនៅរាជធានីភ្នំពេញ៕