(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅដើមសប្តាហ៍នេះបានដឹកនាំគណៈអភិបាលខេត្ត ចុះពិនិត្យ និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ទៅលើហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ដែលមានជុំវិញអគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ ដែលទើបនឹងស្ថាបនារួច យ៉ាងល្អប្រណិត ហើយដែលនឹងចាប់ផ្តើមចូលធ្វើការជាបណ្តោះអាសន្ន នៅចុងខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។

នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានឲ្យដឹងថា អគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ ដែលទើបនឹងស្ថាបនារួចដ៏ល្អប្រណីតនាពេលនេះ នឹងចាប់ផ្តើមឲ្យមន្ត្រីចូលធ្វើការជាបណ្តោះអាសន្ន នៅចុងខែធ្នូ ដោយឡែកការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាចនឹងត្រូធ្វើឡើងនៅដើមឆ្នាំ២០១៨ ព្រោះថានៅមានហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមជាច្រើនទៀត ដែលពុំទាន់រួចរាល់។ ជាមួយគ្នានឹងអគាររដ្ឋបាលថ្មី លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន កាត់សម្លៀកបំពាក់ឯកសណ្ឋាន២កំប្ល៉េរ និងស្បែកជើង ២គូរ ជូនមន្ត្រីរាជការដែលបម្រើការងារ ក្នុងសាលាខេត្តពោធិ៍សាត់។

លោកបានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ បានកើតមានឡើង គឺដោយសារការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។ ជាក់ស្តែង អគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ គឺសម្រាប់ទុកជាប្រយោជន៍ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងសាធារណៈជនទូទៅ បានប្រើប្រាស់យូរអង្វែង ទៅតាមរចនាបទខ្មែរសុទ្ធសាធ។

ក្រៅពីអាគារដ៏ថ្មី ល្អប្រណីតនេះ នៅមានសមិទ្ធផលធំៗជាច្រើនផ្សេងទៀត ដែលមានក្នុងទឹកដីខេត្តពោធិ៍សាត់ ដូចជា៖ សួនច្បារប្របមាត់ស្ទឹង, រង្វង់មូលផ្លូវច្រមុះជ្រូក, ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ឃុំថ្ម ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ, ទំនប់ធារាស្ត្រខ្នាតយក្ស២កន្លែង គឺទំនប់ទី៣ និងទី៥ ដែលមានសមត្ថភាពអាចស្តុកទឹក បានជាង៥០លានម៉ែត្រគូប...។ល។ ដែលនឹងត្រូវដាក់សម្ពោធជាបន្តបន្ទាប់ទៀតផងដែរ៕