(ភ្នំពេញ)៖ ជនដៃដល់ដែលបានចាក់សម្លាប់នារីជាសង្សារ ដែលបម្រើការងារនៅ ក្លឹបដឺឃ្វីន នៅខណ្ឌសែនសុខ កាលពី៥ថ្ងៃមុននោះ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលខេត្តតាកែវ តាមស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅកា​ន់តុលាការ ក្រោយបង្ហាញមុខជាសាធារណៈ។

ជនសង្ស័យឈ្មោះ ស៊ុយ មេសា ហៅលូ បានសារភាពថា ខ្លួនពិតជាបាន​​ចាក់​សម្លាប់​នារី​រង​គ្រោះ​ប្រាកដមែន ព្រោះតែរឿងប្រចណ្ឌ។ ការចាក់សម្លាប់នេះ បានកើតឡើង ខណៈដែលពួកគេកំពុង នៅតែ២នាក់ក្នុងបន្ទាប់ ស្រាប់តែមានប្រុសផ្សេងទូរស័ព្ទមក ធ្វើឲ្យជនសង្ស័យខឹងក៏ចាក់សម្លាប់តែម្តង។

ក្រោយទទួលបានការសារភាព នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ អធិការនគរបាលខណ្ឌសែនសុខ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើសន្និសីទបង្ហាញមុខជនសង្ស័យមុននឹងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីឃាតកម្មមួយបានកើតឡើងដោយជនល្មើសឈ្មោះ ស៊ុ​យ មេ​សា ហៅ​លូ អាយុ​២២​ឆ្នាំ ជា​អ្នកលក់​អាវ​ជជុះ ស្នាក់​នៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ បានចាក់សម្លាប់សង្សាររបស់ខ្លួនឈ្មោះ សេក ស៊ី​យ៉ា ជា​អ្នកបម្រើ​ការ​នៅ​ក្នុង​ខារ៉ាអូខេ «​ដឹ​ឃ្វី​ន​» ស្នាក់​នៅ​ផ្ទះជួលលេខ១០២ ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ចំណុចកើតហេតុ) ​មានស្រុក​កំ​ណើ​រ​នៅ​ខេត្តកំពត។

ក្រោយពីមានករណីឃាតកម្មនេះរួចមក សមត្ថកិច្ចខណ្ឌសែនសុខដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ រួមនិងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានឈានទៅដល់ការស្រាវជ្រាវ ចុះចាប់ខ្លួនបានជនល្មើសខាងលើនេះបាន នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបើកការសាកសួរបន្តរហូតបញ្ជូនទៅកាន់តុលាការតែម្តង៕