(កំពង់ធំ)៖ សូមជូនដំណឹង! ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC បាននាំយកម៉ាស៊ីនត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​យានយន្តចល័តទៅដល់ខេត្តកំពង់ធំហើយ ដើម្បីត្រួតពិនិត្យ (ឆៀក) រថយន្តទៅតាមកាលបរិច្ឆេទដែលមាន២លើក គឺលើកទី១ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ និងលើកទី២ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។ ទីតាំងសម្រាប់ការឆៀករថយន្តធ្វើឡើងនៅផ្លូវលេខ៤ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន (ជាប់មន្ទីរអប់រំយុវជន និងកីឡាខេត្ត) នៅតាមផ្លូវជាតិលេខ៦។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានថ្លែងថា ចំពោះម្ចាស់យានយន្តចាស់ត្រូវយកមកជាប់ជាមួយនូវវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និង COPY ប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មីត្រូវ COPY សន្លឹកពន្ធនាំចូលមួយសន្លឹក និង COPY អត្តសញ្ញាណប័ណ្ណចំនួនមួយសន្លឹក។

ការត្រួតពិនិត្យយានយន្តនេះ ជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យដែលកាលពីមុន គឺម្ចាស់យានយន្ត ត្រួវទៅធ្វើការត្រួតពិនិត្យនៅឯខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ តែពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនចល័តធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយជូនបងប្អូន្រជាពលរដ្ឋ ។

ពាក់ព័ន្ធនិងការត្រួតពិនិត្យបច្ចេកយានយន្តនេះដែរ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ធ្លាប់បានឲ្យដឹងថា ដើម្បីសម្រួលការត្រួតពិនិត្យនេះកាន់តែងាយស្រួលទៀតនោះ នៅឆ្នាំ២០១៧ខាងមុខនេះ ក្រសួងនឹងដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការ សុំសេវាត្រួតពិនិត្យបច្ចេក ទេសយានយន្តតាមអ៉ីនធើណេតផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល ប្រព័ន្ធនេះមានសមត្ថភាពខ្ពស់ អាចផ្តល់ដំណឹងពេលយានយន្តដល់ពេល ត្រូវពិនិត្យបច្ចេកទេសថែមទៀតផង។

បើតាមក្រសួងសាធារណការ ក្រៅពីម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តទាំងពីរគ្រឿងនេះ បច្ចុប្បន្នក្រសួងក៏មានម៉ាស៊ីនត្រួតពិនិត្យ បច្ចេកទេសយានយន្តអចល័តចំនួន១០កន្លែងផងដែរ នៅក្នុងរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ ក្រចេះ ព្រះវិហារ កំពង់ឆ្នាំង និងខេត្តរតនគិរី៕