(ភ្នំពេញ)៖ មេធាវី អ៊ិត ពិសិដ្ឋរង្សី ដែលបាញ់បោះយ៉ាងអនាធិបតេយ្យ នៅក្នុងហាងផឹកស៊ី ស្ថិតនៅខាងក្រោយភូមិគ្រឹះរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបាននគរបាលខណ្ឌ៧មករា ចាប់បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ហើយនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមច្បាប់បន្តទៀត។ នេះបើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការបានប្រាប់ឲ្យដឹងនៅមុននេះបន្តិច។

សម្រាប់ករណីនេះត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ បន្ទាប់ពីមេធាវី អ៊ិត ពិសិដ្ឋរង្សី បានបាញ់បោះយ៉ាងអនាធិបតេយ្យ តាមផ្លូវលេខ២១១ កែផ្លូវ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

ការបាញ់ប្រហារនេះ បានបណ្តាលឲ្យបុរសម្នាក់ ដែលជាមិត្តភក្តិរបស់ជនបង្ករងរបួសជើង ខណៈជនរងគ្រោះម្នាក់ទៀត ឡើងភ័យព្រលឹងចុងសក់ ដោយសារតែជនបង្កយកកាំភ្លើងទៅភ្ជង់ក្បាល។

ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News ថា «ករណីនេះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យអនុវត្តតាម នីតិវិធីច្បាប់ហើយ ដោយគ្មានការលើកលែងនោះទេ»។

នគរបាលខណ្ឌ៧មករា បានចោទប្រកាន់ទៅលើជនបង្កពីបទ «ហិង្សាដោយចេតនាដោយស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត»

សូមបញ្ជាក់ថា កាលពីវេលម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មេធាវី អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបាញ់បោះចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅតាមផ្លូវលេខ២១១ កែងផ្លូវ​លេខ២១៧ ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានចេញពីហូបការ រួចជិះរថយន្តរបស់ខ្លួនម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 តែម្នាក់ឯង មកផឹកបន្តជាមួយមិត្តភក្តិ នៅចំណុចកើតហេតុ ផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែពួកគេមានជម្លោះជាមួយគ្នា ហើយជនសង្ស័យបានទៅយកកាំភ្លើងនៅក្នុងរថយន្ត មកបាញ់ជនរងគ្រោះឈ្មោះ លី តុលា អាយុ២២ឆ្នាំ បណ្តាលឲ្យរងរបួសជើង និងបាញ់ឡើងលើមួយគ្រាប់។ បន្ទាប់មកជនសង្ស័យក៏បានយកកាំភ្លើង ទៅភ្ជង់ក្បាលជនរងគ្រោះម្នាក់ឈ្មោះ ខុន បញ្ចាសិទ្ធិ អាយុ២០ឆ្នាំ នាំឲ្យភ័យឡើងព្រលឹងចុងសក់។

ដោយឡែកតាមព័ត៌មាន ដែលភ្នាក់ងារព័ត៌មាន Fresh News បានទទួលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើងលោកមេធាវីបង្ក និងជនរងគ្រោះទាំង២នាក់ជាមនុស្សស្គាល់គ្នា ហើយបានញ៉ាំការជាមួយគ្នា នៅយប់កើតហេតុ។ តែពេលញ៉ាំការរួច ជនបង្កចេញមកមុន ហើយបានទូរស័ព្ទហៅជនរងគ្រោះទៅទទួលទានបន្ត នៅហាងទារខ្វៃនៅជិតផ្ទះអគ្គស្នងការនគរបាលជាតិ ស្ថិតនៅតាមផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែមានទំនាស់ក៏បាញ់តែម្តង។ ក្រោយបាញ់ជនរងគ្រោះហើយ ស្រាប់តែលោកមេធាវី បានប្រើពាក្យសំដីថា «ហ្អែង កុំចេះប្រយ័ត្ន​អញបាញ់ងាប់»៕

 

បុរសម្នាក់ដែលបាញ់ចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ