(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ នៅកម្ពុជា មានមោទនភាពសូមប្រកាសអំពីសិស្សចំនួន ២០រូប ដែលនឹងទទួលបានអាហារូបករណ៍១០០% សម្រាប់ការសិក្សានៅតាមសាកលវិទ្យាល័យនានាតាមរយៈកម្មវិធីអាហារូបករណ៍ SmartEdu ដែលជាកម្មវិធីទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធីអាហារូបករណ៍ SmartEdu ត្រូវបានដាក់ឲ្យដំណើរការដោយជោគជ័យកាលពីឆ្នាំមុន ដោយមានសិស្សចំនួន១០នាក់ទទួលបានអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភគិតជាទឹកប្រាក់ចំនួន ១៥,០០០ ដុល្លារក្នុងមួយនាក់ សម្រាប់ចំណាយលើការរស់នៅអំឡុងពេលសិក្សា ហើយក្រុមហ៊ុន Smart បានបង្កើនចំនួនអាហារូបករណ៍ដល់សិស្សរហូតដល់២០រូបក្នុងឆ្នាំ ២០១៧។ ជាងនេះទៅទៀតអាហារូបករណ៍ ចំនួន ១០កន្លែង ក្នុងចំណោមអាហារូបករណ៍ទាំង ២០ កន្លែង ត្រូវបានបម្រុងទុកយ៉ាងពិសេសសម្រាប់សិស្ស ដែលមានផែនការរៀនមុខវិជ្ជាទាក់ទងនឹងបចេ្ចកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅឯវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។

លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ «កម្មវិធីអាហារូបករណ៍របស់ក្រុមហ៊ុន Smart ដើរតួនាទីសំខាន់ក្នុងការធានាថា និស្សិតឆ្លាតវៃ និងដែលមានសក្ដានុពលបំផុត អាចបន្តការសិក្សារបស់ខ្លួន ដោយមិនអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួននោះទេ»។

លោកបណ្ឌិត ហង់ ជួន ណារ៉ុន បានបន្ថែមទៀតថា៖ «ស្របពេលដែលគុណភាពអប់រំក្នុងប្រទេសកម្ពុជាបន្តកើនឡើង ដូច្នេះយើងមើលឃើញអំពីភាពចាំបាច់ ក្នុងការបំពេញតាមសេចក្តីត្រូវការ នៃការអភិវឌ្ឍប្រទេសជាតិផងដែរ។ មួយផ្នែកនៃតម្រូវការនេះគឺ វិស័យបចេ្ចកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលជាផ្នែកមួយមានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងជីវិតប្រចាំថ្ងៃ។ ដោយសារ ក្រុមហ៊ុន Smart មានភាពឈានមុខគេក្នុងវិស័យនេះ ដូច្នេះកម្មវិធីអាហារូបករណ៏ SmartEdu របស់ខ្លួន ប្រាកដណាស់នឹងក្លាយជាកតាលីករ សម្រាប់សិស្សនានា ដែលកំពុងសំឡឹងចង់ចាប់អាជីពក្នុងវិស័យនេះ»។

លោកបណ្ឌិត កាន ចាន់មេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញទស្សនៈផងដែរថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់អាទិភាពចម្បងនានា ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែក ICT និងកម្លាំងពលកម្មផ្នែកឌីជីថល ឲ្យបានកាន់តែច្រើនថែមទៀត ក្នុងឆ្នាំខាងមុខ ដើម្បីបំពេញសេចក្តីត្រូវការនៃសេដ្ឋកិច្ចបែបឌីជីថលរបស់កម្ពុជា។ ខ្ញុំមាន រីករាយ ដែលក្រុមហ៊ុន Smart បានប្រើប្រាស់មូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីចូលរួមជាមួយយើងខ្ញុំក្នុងការពង្រឹងសមត្ថភាពផ្នែក ICT នៅក្នុងប្រទេស តាមរយៈកម្មវិធីអាហារូបករណ៏ SmartEdu»។

សិស្សដែលទទួលបានអាហារូបករណ៍ទាំង ២០នាក់ ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនជាង ១០០នាក់ទូទាំងប្រទេស។ ក្រៅពីទទួលជំនួយហិរញ្ញវត្ថុ ពួកគេនឹងទទួលបានឱកាសផ្សេងៗ ដូចជាការចូលរូមកម្មវិធីអភិវឌ្ឍន៍របស់ក្រុមហ៊ុន Smart ក៏ដូចជា ក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ព្រមទាំងលទ្ធភាពទទួលបានការងារធ្វើនៅក្រុមហ៊ុន Smart បន្ទាប់ពីបញ្ចប់ការសិស្សារបស់ខ្លួនប្រកបដោយជោគជ័យ ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងដែរថា៖ «ខណៈដែលក្រុមហ៊ុន Smart បន្តភាពឈានមុខគេក្នុងវិស័យឧស្សាហកម្មទូរគមនាគមន៍ និងជាអ្នកគាំទ្រដ៏ខ្លាំងក្លា សម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ ដូច្នេះ ជាធម្មតា យើងត្រូវបន្តអភិវឌ្ឍអ្នកមានទេពកោសល្យសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃអនាគត។ កម្មវិធីអាហារូបករណ៍ SmartEdu គឺជាផ្នែកមួយសំខាន់ក្នុងគោលដៅរបស់យើង ដើម្បីក្លាយជា ជើងឯកប្រចាំប្រទេស»។

លោកបន្ថែមទៀតថា៖ «ខ្ញុំរីករាយ ដែលថ្ងៃនេះយើងទទួលបានសិស្សចំនួន ២០នាក់ថែមទៀត ដែលសុទ្ធសឹងជាអ្នកមានទេពកោសល្យកំពូលថ្នាក់ជាតិ ដើម្បីបញ្ចូលទៅក្នុងកម្មវិធីអាហារូបករណ៍ SmartEdu។ ក្រុមហ៊ុន Smart មានកិត្តិយស ដែលបានរួមចំណែកជាវិជ្ជមានសម្រាប់យុវជនជំនាន់ថ្មីរបស់កម្ពុជា ហើយបានគាំទ្រសិស្សទាំងនេះ ដើម្បីឲ្យពួកគេបានបន្តការសិក្សាខ្ពស់ មួយកម្រិតទៀត។ យើងសង្ឃឹមថាអាហារូបករណ៍នេះ នឹងជំរុញឲ្យពួកគេសម្រេចបានជោគជ័យកាន់តែប្រសើរ»។

សម្រាប់កញ្ញា ឡាយ ជាវីតា អាយុ ១៧ឆ្នាំ និង លោក រុន សីហា អាយុ ១៨ ឆ្នាំ ជាសិស្សពីររូប ដែលទទួលបានអាហារូបករណ៍ SmartEdu សម្រាប់ឆ្នាំ២០១៧ វិញ បានលើកឡើងថា អាហារូបករណ៍របស់ Smart នេះនឹងអនុញ្ញាឲ្យពួកគេមានក្តីស្រមៃកាន់តែធំ, ដែលនឹងបន្តការសិក្សាមុខវិជ្ជាដែលខ្លួនចង់បន្ថែមទៀត នៅវិទ្យាស្ថានបចេ្ចកវិទ្យាកម្ពុជា​ ដែលកម្មវិធីអាហារូបករណ៍ SmartEdu គឺជាឱកាសដ៏ល្អមួយសម្រាប់យុវជនកម្ពុជា ពីព្រោះការគាំទ្រដល់ការអប់រំរៀនសូត្រ គឺជាជំហានទីមួយ ដើម្បីជួយឲ្យពួកគាត់បានសម្រេចបានគោលដៅរបស់ខ្លួន៕