(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ អ្នកវិភាគដ៏ល្បីមួយរូបនៅកម្ពុជាឈ្មោះ «ចៅចាក់ស្មុក» បានបន្តចេញផ្សាយលិខិតចំហរទី៥ មួយដោយផ្ញើជូនដល់តំណាងរដ្ឋាភិបាលនៃប្រទេសជាមិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ដោយផ្ញើមកកាន់ការិយាល័យរបស់បណ្តាញព័ត៌មាន Fresh News ដើម្បីជួយចុះផ្សាយ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

លិខិតចំហរទី៥ របស់ចៅចាក់ស្មុក ជូនតំណាងរដ្ឋាភិបាលនៃប្រទេសជាមិត្តនៃព្រះរាជាណាចក្រកម្ពុជា
***
ឯកឧត្តម លោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់!

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមអ្នកនយោបាយនៃអតីតបក្ស  សង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ដោយសារតែរកឃើញថា ប្រព្រឹត្ត  ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ ឃុបឃិតជាមួយបរទេសក្បត់ជាតិ បាន និង កំពុងតែយកជាតិខ្លួនទៅធ្វើជាចំណាប់ខ្មាំង និងយកប្រជាជនធ្វើជាឈ្នាន់ ដើម្បីបម្រើមហិច្ឆិតាអំណាចបក្ខពួកខ្លួន និងបម្រើផលប្រយោជន៍ចៅហ្វាយនាយបរទេស របស់ពួកគេ។ ពួកគេបានដើរញុះញង់ប្រទេសមួយចំនួន ឱ្យផ្តាច់ទំនាក់ទំនងការទូត និង
ឈប់ទិញទំនិញ ព្រមទាំងឈប់វិនិយោគ និងផ្តល់ជំនួយដល់កម្ពុជា។ ប៉ុន្តែការដើរញុះ ញង់បំផ្លាញជាតិនេះ មិនត្រូវបានរដ្ឋាភិបាល ឬរដ្ឋសភានៃប្រទេសភាគច្រើនរាប់ទាំងប្រទេសដែលក្រុមប្រឆាំងដើរញុះញង់ ចាប់អារម្មណ៍ឡើយ មានតែប្រទេស មួយចំនួនតូចដែលជាចៅហ្វាយនាយរបស់ក្រុមនេះតែប៉ុណ្ណោះ ដែលយកចិត្តទុកដាក់ និងបានលោតទៅតាមអ្វីដែលក្រុមនេះបានពង្វក់និង មួលបង្កាច់យ៉ាងអយុត្តិធម៌មកលើរាជរដ្ឋាភិបាលស្របច្បាប់ និងប្រជាជនកម្ពុជា។

ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះមិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជា ជនកម្ពុជាឡើយ។ នៅពេលនេះ ក្រុមមេដឹកនាំប្រឆាំងទាំងនេះបានទៅលត់ជង្គង់ក្រាបក្បាលដល់ដីអង្វរឱ្យមហាអំណាចជាចៅហ្វាយយកជើងជាន់លើក្បាលរបស់ខ្លួនដើម្បី
បានបុណ្យស័ក្តិមកវាយប្រហារខ្មែរនៅក្នុងស្រុក។ ពួកគេបាននិងកំពុងតែយកឯករាជភាពអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជា ដាក់ក្រោមបាតជើងរបស់បរទេស ខុសពីអ្នកនយោបាយបរទេសផ្សេងទៀតជាពិសេសប្រទេសជិតខាងកម្ពុជា មិនដែលអំពាវនាវ និងបានអង្វរឱ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬអំពាវនាវឱ្យបរទេសផ្តាច់ទំនាក់ទំនងការទូត និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង​ប្រទេសខ្លួនឡើយដោយសារតែពួកគេយល់ថា ទង្វើទាំងនេះគឺជាអំពើក្បត់ជាតិ និងជាទង្វើដែលពិភពលោកស្អប់ខ្ពើមបំផុត។ ប៉ុន្តែពួកគេបានលក់ទាំងខ្លួន លក់ទាំងក្បាល! ចំណែក ប្រជាជនកម្ពុជាវិញបានរួបរួម​ជាមួយរាជរដ្ឋាភិបាល មានឥស្សរភាព និងវីរភាពអង់អាចក្លាហាន ការពារប្រទេសនេះឱ្យបានគង់វង្សរហូតដល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានទប់ស្កាត់ និងបង្រ្កាបប្រកបដោយភាពជោគជ័យនូវផែនការសម្ងាត់បដិវត្តន៍ពណ៌តាមលំនាំនៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ីដែលប៉ុនប៉ងក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងនាយករដ្ឋមន្ត្រីនៃប្រទេសខ្ញុំ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកបានបម្រើ ការពារផលប្រយោជន៍ជាតិប្រជាជនជាយូរមកហើយ រាប់ចាប់តាំងពីការរំដោះជាតិ និងប្រជាជនចេញ​ពីរបបខ្មែរក្រហមប្រល័យពូជសាសន៍សង្គ្រោះជាតិ និងសង្គ្រោះប្រជាជនឱ្យរស់ឡើងវិញ នាំយកនូវសន្តិភាពពេញ​លេញមក ជូនកម្ពុជាក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ និងនាំមកនូវការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពរបស់ប្រជាជនកម្ពុជា​ដូចសព្វថ្ងៃនេះ។ កិច្ចខិតខំប្រឹង ប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញានេះគឺដើម្បីធានាឱ្យបាននូវឯករាជ្យ និងអធិបតេយ្យ  សន្តិភាព និងការអភិវឌ្ឍ ហើយមិនឱនក្បាលឱ្យបរទេសណាមួយជាន់ឈ្លី ដូចពួកប្រឆាំងនៅក្រៅប្រទេសបាននិងកំពុងធ្វើឡើយ!

ឯកឧត្តម លោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់!

មាត្រា១នៃរដ្ឋធម្មនុញ្ញចែងថា ប្រទេសកម្ពុជាជាព្រះរាជាណាចក្រកម្ពុជាជា រដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ដូច្នេះជាតិ និងប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឱ្យបរទេសណាមួយមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង រំលោភឯករាជភាព និងអធិបតេយ្យភាពកម្ពុជាទេ។ នៅក្នុងទំនាក់ទំនងអន្តរជាតិ កម្ពុជាបានគោរពចំពោះឯករាជភាព អធិបតេយ្យភាព បូរណភាព ដែនដីនៃប្រទេសទាំងអស់ និងមានទំនាក់ទំនងដោយស្មើភាព និងស្មើសិទ្ធិ។ ការលូកដៃជ្រៀតជ្រែកណាមួយ របស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងខ្លួន កម្ពុជាមិនអាចទទួលយក បានឡើយ។ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏បានបញ្ញត្តយ៉ាងច្បាស់ថា «គ្មានរដ្ឋណាមួយមានសិទ្ធិទៅលូកលាន់ដោយផ្ទាល់ ឬដោយប្រយោល ទោះនៅក្នុងហេតុផលណាក៏ដោយ នៅក្នុងកិច្ចការផ្ទៃក្នុង ឬបញ្ហាប៉ះពាល់ដល់បូរណភាពទឹកដី ឬឯករាជភាពនយោបាយរបស់ប្រទេសដទៃបានឡើយ។ ចំណែកធម្មនុញ្ញអាស៊ាន ក៏បានកំណត់យកការមិន លូកលាន់កិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកធ្វើជាគោលការណ៍មូលដ្ឋាន។ កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសខែតុលា ឆ្នាំ ១៩៩៣ ក៏បានលើកឡើងថា ហត្ថលេខីទាំង ១៨ មាន កាតព្វកិច្ចជាក់លាក់គឺត្រូវចៀសវាងការលូកលាន់ ទោះក្នុងទម្រង់ណាក៏ដោយ ទាំងផ្ទាល់ ឬមិនផ្ទាល់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ប្រទេសភាគច្រើនបានគោរពនូវឯករាជ ភាព អធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ ហើយប្រទេសខ្ញុំ សូមអរគុណចំពោះការគោរពច្បាប់អន្តរជាតិនេះ។  ប៉ុន្តែទន្ទឹមនឹងនេះក៏មានរដ្ឋាភិបាល និងស្ថាប័នបស្ទឹមប្រទេសមួយចំនួនដែលធ្លាប់បាន ធ្វើបាបជាតិ និងប្រជាជនយើងខ្ញុំ តាំងពីអតីតកាល នៅតែបន្តធ្វើទុក្ខបុកម្នេញយើងខ្ញុំបន្តទៀតដោយគាំទ្រចំពោះក្រុមជនក្បត់ជាតិ អ្នកបំផ្លាញផប្រយោជន៍ជាតិ និងប្រជាជនព្រមទាំងលើកតម្កើងទាំងគ្មានការអៀនខ្មាសថាជាអ្នក ស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ។ ពួកគេនៅតែគាំទ្រនឹងការពារអ្នកទាំងនេះ ទោះប្រជាពលរដ្ឋខ្មែរ ចាត់ទុកថា ពួកគេជាសត្រូវដ៏គ្រោះថ្នាក់ចំពោះសន្តិភាព ស្ថេរភាពជាតិ ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាក៏ដោយ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល និងស្ថាប័នបស្ទិមប្រទេសទាំងនោះបាននិង កំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទាំងទទឹងទិសផ្ទុយពីធម្មនុញ្ញ អ.ស.ប និងច្បាប់ អន្តរជាតិនានា។ ដូច្នេះ អ្វីដែលជាតិ និងប្រជាជនកម្ពុជាចង់បានសូមឱ្យសហគមន៍អន្តរ ជាតិគោរពនូវឯករាជភាព អធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាឱ្យបានល្អ ត្រឹមត្រូវ។ ជាតិ និងប្រជាជនខ្មែរ មិនបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយឡើយ គឺគោរពគ្នាទៅវិញទៅមកក្នុងនាមជារដ្ឋអធិបតេយ្យដូចគ្នា។

ឯកឧត្តម លោកជំទាវ!

អ្វីដែលក្រុមអ្នកនយោបាយប្រឆាំងកំពុងធ្វើសព្វថ្ងៃនេះគឺជាការលង់នឹងកល ល្បិចទុច្ចរិតរបស់ចៅហ្វាយនាយរបស់​ខ្លួនដោយសង្ឃឹមថាខ្លួន​នឹងអាចរួចផុតពីសំ ណាញ់ច្បាប់ គេចចេញពីការផ្តន្ទាទោសចំពោះបទល្មើសទាំងឡាយ ដែលខ្លួនបាន ប្រព្រឹត្ត ហើយអាចវិល​ត្រឡប់ចូលស្រុកវិញបានជាមួយវប្បធម៌និទណ្ឌភាព។ លើស ពីនេះ ពួកគេក៏ដាក់ក្តីសង្ឃឹមខ្ពស់ក្នុងក្តីអស់​សង្ឃឹមថាបក្សសង្គ្រោះជាតិ​ដែលត្រូវបាន រំលាយតាមអំណាចសាលដីការបស់តុលាការកំពូល និងបិទផ្លូវតវ៉ាធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នឹងអាចរស់ឡើងវិញ។ ហេតុដូច្នេះហើយបានជាពួកគេ ប្រឹងប្រែង ដោយមិនខ្លាចនឿយហត់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ផលប្រយោជន៍ជាតិ នៅលើឆាកអន្តរជាតិក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងសេរីភាព នៃសារព័ត៌មាន។ ពួកគេលើកឡើង​ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់ នេះ ក៏ចង់មានន័យថាពួកគេកំពុងតែទទួលស្គាល់ថាផែនការ​បដិវត្តន៍ក្រោមស្លាកលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលពួកគេបានដាក់ចុះត្រូវបានបរាជ័យហើយ មេ ក្លោងនៃបដិវត្តន៍ពណ៌​ត្រូវបានចាប់ខ្លួន ដងខ្លួនត្រូវបានរំលាយ ចំណែកចៅហ្វាយ នាយដែលនៅពីក្រោយខ្នងពួកគេ ក៏ត្រូវបានបកស្បែកមុខបង្ហាញ​ដល់ពិភពលោក ទាំងមូលឱ្យបានស្គាល់ច្បាស់ផងដែរ។ កម្ពុជាជាប្រទេសតូចមែន ប៉ុន្តែខួរក្បាលខ្លួនធំ មិនចាញ់បរទេសនៅក្រោយផែន​ការបដិវត្តន៍ពណ៌នេះទេ។

ទោះបីជាផែនការបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវបានកម្ទេច ក៏ប៉ុន្តែចៅហ្វាយនាយនិងអ្នកផ្តួចផ្តើមគំនិតមិនទទួលយកភាពអាម៉ាស់របស់ខ្លួន ដោយងាយឡើយ ពួកគេបានព្យាយាមក្នុងការលុបលាងមុខមាត់អាក្រក់របស់ពួកគេ និងបានព្យាយាម ជ្រៀតជ្រែក​កិច្ចការផ្ទៃ​ក្នុងកម្ពុជា​បន្តទៀតដោយគ្មានភាពអៀនខ្មាស និងប្រកប ដោយចរិកក្រអឺតក្រទមជាទីបំផុត។ កិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឡើងចាប់តាំងពី កម្រិតនៅក្នុងប្រទេសកម្ពុជារហូតដល់ស្ថានបេសកកម្មរបស់ពួកគេនៅអង្គការសហ ប្រជាជាតិ។ ពួកគេហាក់ដូចជា​កំពុងអនុវត្តប្រាសចាក​ពីធម្មនុញ្ញនៃអ.ស.ប និង ហាក់ដូចជាកំពុងតែជ្រើសរើស​ទំនាក់ទំនងការទូតជាមួយមនុស្សមួយក្រុមដែលជា អាយ៉ងនយោបាយរបស់ខ្លួន ជាជាងធ្វើទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស។ ពួកគេរហូតដល់បំពានធម្មនុញ្ញ អ.ស.ប ដោយធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាស្តីពី បញ្ហាអ្វីដែលគេហៅថា «ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលជាការ រៀបចំរួមគ្នាដោយស្ថានបេសកកម្មអចិន្ត្រៃយ៍​របស់សហរដ្ឋអាមេរិក និងគណៈប្រតិ ភូសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប បានតវ៉ាយ៉ាងខ្លាំងតាមរយៈកំណត់ទូតទៅស្ថានបេសកកម្មទាំងអស់ដោយលើកឡើងថា វេទិការៀបចំដោយស្ថានបេសកកម្មអាមេរិក និងអឺរ៉ុប មានគោលបំណងផ្តល់ព័ត៌មានមិនពិត និងបង្កការយល់ច្រឡំអំពី​ស្ថានភាព​ជាក់ស្តែង​នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សា្ថនបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជា​ណាចក្រកម្ពុជាប្រចាំអង្គការ​សហប្រជាជាតិ​បានបញ្ជាក់ថាខ្លួនត្រូវបង្ខំចិត្តផ្តល់នូវការពន្យល់ទាំងអង្គហេតុ និងអង្គច្បាប់សម្រាប់ជាព័ត៌មាន​ជូនដល់គ្រប់​ស្ថានបេសកកម្មទាំងអស់ ក្នុងការយល់ដឹងពីករណី កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាដោយអនុលោមតាមច្បាប់ជាធរមាន។  ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលរងការចោទប្រកាន់ដោយអយុត្តិធម៌ផងដែរ ពីការរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិ ដោយសារការបិទសារព័ត៌មានមួយចំនួនតូច ក្នុងខណៈដែលបច្ចុប្បន្ននេះ កម្ពុជាមានសារព័ត៌មានបោះពុម្ពផ្សាយចំនួន៨០០ សារព័ត៌មានចេញផ្សាយលើអ៊ីនធឺណិតចំនួន៧០ ទូរទស្សន៍ចំនួន២២ ស្ថានីយវិទ្យុចំនួន៣៣០ស្ថានីយ និងសមាគមអ្នកកាសែត​ចំនួន៣៨។ ការផ្សាយរបស់វិទ្យុនិងទូរទស្សន៍បរទេសទាំងអស់រួមទាំងវីអូអេ និងអាស៊ីសេរី គឺអាចចូលទស្សនា និងស្តាប់ដោយសេរីមិនមានការត្រួតពិនិត្យអ្វីទាំងអស់។ នៅក្នុងលិខិតរបស់ស្ថាន​បេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏បានបញ្ជាក់ថា វិធានការផ្លូវច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជា​បានប្រកាន់យកប្រឆាំងនឹងបុគ្គល អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានដែលរំលោភបំពានច្បាប់មួយចំនួនតូច មិនគួរត្រូវបានបកស្រាយថាជាការ​ប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានោះទេ។ ហេតុការណ៍ពិតជាប្រវត្តិសាស្រ្តនេះ បានបង្ហាញថា ការជ្រៀតជ្រែកពី​បរទេសតែងតែ​បង្កឱ្យមានជា​ផលវិបាកខ្ទេចខ្ទាំដូចជាករណីប្រទេស​កម្ពុជាកាលពីអតីតនិងប្រទេសជាច្រើនទៀត។

ប្រសិនបើមានការតវ៉ាយ៉ាងខ្លាំងក្លាពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិហើយ  ស្ថានបេសកកម្មអាមេរិក និងអឺរ៉ុប នៅតែព្យាយាម ធ្វើកិច្ចពិភាក្សានេះបន្តទៅទៀត នោះវាពិតជាបានបង្ហាញថា ពិតជាមានការជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេស​មួយយ៉ាងពិតប្រាកដ និងបានរំលោភលើធម្មនុញ្ញនៃ អ.ស.ប មែន។ លើសពីនេះទៀត ពិភពលោកជាពិសេសប្រជាជនកម្ពុជា​នឹងអាចបានដឹងច្បាស់ថានរណាពិតប្រាកដដែលជាឪពុកម្តាយរបស់ក្រុមអ្នកនយោបាយប្រឆាំង និងតើនរណាពិតប្រាកដដែលតែងតែ​លើកទឹកចិត្ត គាំទ្រទាំងហិរញ្ញវត្ថុ និងសម្ភារៈឱ្យ ក្រុមប្រឆាំងធ្វើព្យុះធ្វើភ្លើង បង្កចលាចលក្នុងសង្គម ប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍ​ដែល​កម្ពុជាកំពុងមាន។ បន្ថែមលើនេះ ពិភពលោក និងប្រជាជនកម្ពុចាទាំងមូលនឹងបាន​យល់​ច្បាស់​ពីគោលបំណងពិតប្រាកដ​នៃចៅហ្វាយនាយរបស់ក្រុមអ្នក នយោបាយបក្សប្រឆាំងថាហេតុអ្វីបាន​ជាពួកគេខិតខំការពារ និងធ្វើទាំងទទឹងទិស ទោះបីជា​ដឹងថារំលោភលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ជ្រៀតជ្រែកលើកិច្ចការ ផ្ទៃក្នុងនៃរដ្ឋដទៃទៀតនោះ។

ឯកឧត្តម លោកជំទាវជាទីរាប់អាន!

ប្រជាជននៃប្រទេសខ្ញុំពិតជាអរគុណចំពោះកាលដែលប្រទេសឯកឧត្តមលោក ជំទាវគោរពបានយ៉ាងខ្ជាប់ខ្ជួននូវឯករាជភាព អធិបតេយ្យភាព និងបូរណភាពដែនដី របស់កម្ពុជា ទោះបីជាស្ថិតនៅក្នុងស្ថានការណ៍ណាក៏ដោយ។ មិនតែប៉ុណ្ណោះ រដ្ឋាភិ បាល និងស្ថាប័នជាតិកំពូលៗផ្សេងទៀតនៃប្រទេសឯកឧត្តម លោកជំទាវ បានបន្តគាំទ្រចំពោះកម្ពុជាទាំងការផ្តល់ជំនួយហិរញ្ញវត្ថុ បច្ចេកទេស ទាំងជួយជំរុញដល់ក្រុមវិនិ យោគិននានានៃប្រទេសឯកឧត្តម លោកជំទាវមកវិនិយោគនៅកម្ពុជា ព្រមទាំងបន្តការទិញទំនិញពី​ប្រទេសកម្ពុជា បើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងក្បត់ជាតិមួយ ចំនួនលត់ជង្គង់អង្វរប្រទេសឯកឧត្តមឱ្យកាត់ផ្តាច់ការទូត និងដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចក៏ដោយ។ មិនតែប៉ុណ្ណោះ ឯកឧត្តម លោកជំទាវ ខ្លះក៏បានសម្តែងនូវសមានចិត្តចំពោះប្រទេស និងប្រជាជនកម្ពុជា មិនគួរណាអភ័ព្ទដែលមានក្រុមអ្នកនយោបាយប្រឆាំងផលប្រយោជន៍ជាតិ និងប្រជាជនខ្លួនយ៉ាងដូច្នេះសោះ។ រាជរដ្ឋាភិ បាល និងប្រជាជនកម្ពុជាខិតខំយ៉ាងខ្លាំងក្នុងការកសាង និងអភិវឌ្ឍប្រទេស ប៉ុន្តែជា អកុសលក្រុមអ្នកនយោបាយវង្វេងជាតិ បានព្យាយាមបំផ្លាញសមិទ្ធផលជាតិ សន្តិ ភាព និងការអភិវឌ្ឍដែលជាតិមានតាមមនោគមន័វិជ្ជាដែលចៅហ្វាយនាយបរទេស របស់ខ្លួនបានបំពាក់បំប៉នជាយូរមកហើយ។ ពួកគេងុបនឹងមនោគមន័វិជ្ជាបដិវត្តន៍ ពណ៌ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ រហូតដល់លើកដៃបំផ្លាញជាតិខ្លួនឯងទាំងមុខញញឹម។ ប្រជាជនកម្ពុជាមិនត្រូវការអ្វីពីឯកឧត្តម លោកជំទាវច្រើនទេគឺ ត្រឹមតែការបន្តការ​គោរពកម្ពុជា និងធ្វើទំនាក់ទំនងការទូតជាមួយគ្នាក្នុងនាមជាដៃគូ ស្នើភាព និងស្មើសិទ្ធិដែលមាននេះឱ្យបានយូរអង្វែងតរៀងទៅ។

ពលរដ្ឋខ្មែរក្នុងស្រុកបាននិងកំពុងប្រឹងតស៊ូប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ច ការផ្ទៃក្នុងពីសំណាក់បរទេសដែល​មានក្រុមអ្នកនយោបាយ​ខ្មែរនៅស្រុកមួយចំនួនសប្បាយនឹងជួយជ្រោមជ្រែងឲ្យបរទេសដាក់គំនាបមកប្រទេសរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ប្រទេស​កម្ពុជារបស់ខ្ញុំ បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់រួចហើយថា រាល់កិច្ចការរបស់កម្ពុជាត្រូវតែកំណត់ដោយផ្ទៃក្នុងកម្ពុជា មិនឱកំណត់លើបរទេសនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអ្វីៗស្ថិតនៅលើបរទេសដដែល «ខ្មែរគឺជាឆ្កែសុទ្ធ»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ថែមថា បរទេសមួយចំនួនពេលនេះ កំពុងតែបំពានមកលើ​អធិបតេយ្យភាពហើយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋតស៊ូឡើង ដើម្បីតតាំងនឹងការរំលោភបំពានបែបនេះ៕

ធ្វើនៅកំចាយមារ ព្រៃវែង, ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧