(ភ្នំពេញ​)៖ រាជធានីភ្នំពេញ នឹងមានខ្សែរត់រថភ្លើងអាកាស AGT ប្រវែងជិត២០គីឡូម៉ែត្រ ដោយរត់លើមហាវិថី៦ខ្សែ នៅកណ្តាល នៅជាយរាជធានីនាពេលឆាប់ៗ ខាងមុខនេះ ដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជានាពេលអនាគត​។

ការបង្ហាញពីគម្រោងដ៏ថ្មី និងមិនធ្លាប់មាននេះ បានបង្ហាញឡើង​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលរាជធានីភ្នំពេញ ក្នុងប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយក្រុមការងារអង្គការJICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងJICA និងលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ជុំវិញការររៀបចំរថភ្លើងលើអាកាសAGT។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងខ្សែរត់រថភ្លើងអាកាសនេះ មានប្រវែង​១៨គីឡូម៉ែត្រ ដោយរត់តាមបណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ​២១៧ ផ្លូវ​វេង​ស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ការរៀបចំឲ្យមានខ្សែរត់រថភ្លើងលើអាកាស AG​T លើអាកាសនេះ ធ្វើឡើងដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត សេវាដឹកជញ្ជូនលើអាកាសខ្នាតមធ្យម ជាផ្នែកមួយដ៏សំខាន់ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈល្អប្រសើរ សម្រាប់រាជធានីភ្នំពេញ​៕