(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ថ្នាក់មូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានប្រគល់ថវិកាចំនួន១២លានរៀល ជូនដល់គ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៣រូប។

លោកឧត្តមសេនីយ៍​​ស្នងការ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយ ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ប្តី ឬឪពុកជាទីស្រឡាញ់ ដោយលោកបានផ្តាំផ្ញើដល់ក្រុមគ្រួសារនៃសព ក្រោយពីទទួលបានថវិកានេះ សូមយកទៅចាត់ចែងធ្វើបុណ្យ ឬក៏ធ្វើជាទុន សម្រាប់ប្រកបរបររកស៊ីផ្សេងៗ ដើម្បីបន្តបង្កើនជីវភាពក្នុងគ្រួសារបាន។

បើតាមលោកស្នងការ ​តាមលក្ខន្តិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាល ដែលជាសមាជិកទទួលមរណភាព ត្រូវបានប្រគល់ជូនថវិកាម្នាក់ចំនួន៤លានរៀល។

សូមបញ្ជាក់ក្រុមគ្រួសារសព ទី១៖គ្រួសារសព ឈ្មោះ ឡេង វណ្ណា ត្រូវបានប្រគល់ជូនកូនប្រុសឈ្មោះ ឡេង អក្ខរ៉ា អាយុ២៤ឆ្នាំ, ទី២៖សពឈ្មោះ កែវ ស៊ីនឈឿន ត្រូវបានប្រគល់ជូនកូនស្រីឈ្មោះ ឈឿន គឹមហុង អាយុ៣០ឆ្នាំ និងទី៣៖សពឈ្មោះ ឈុំ ចិត្រា ត្រូវបានប្រគល់ជូនកូនស្រីពៅឈ្មោះ ម៉ោញ សុទ្ធារ័ត្ន អាយុ២៥ឆ្នាំ៕​